អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានប្រឈមនឹងសវនាការចោទប្រកាន់ និងការណ៍ដែលអាចឈានដល់ការដកចេញពីតំណែង កាលពីថ្ងៃពុធ ដោយធ្វើឲ្យលោកក្លាយជាប្រធានាធិបតីជាប់ចោទលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ខណៈដែលសមាជិកសភា បានដឹកនាំការបោះឆ្នោតថា តើលោកបានរំលោភអំណាច ឬយ៉ាងណា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
មេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះ បានចោទប្រកាន់ក្រុមអ្នកប្រជាធិបតេយ្យថា បានរំលោភទៅលើច្បាប់អាមេរិក ខណៈសមាជិកសភាបក្សលោក បានថ្លែងសុន្ទរកថា ប្រឆាំងនឹងការចោទប្រកាន់ប្រធានាធិបតី។
តាមរយៈច្បាប់ដែលរដ្ឋសភាសម្រេច កាលពីថ្ងៃអង្គារ នឹងចំណាយពេលរហូតដល់ ៦ ម៉ោង ដើម្បីដេញដោលអំពីការចោទប្រកាន់ពីរករណីប្រឆាំងនឹងលោក ត្រាំ។
ទី១ចោទលោក ត្រាំ ថា បានរំលោភអំណាចជាប្រជាធិបតីឬអត់ ដោយសារលោក បានស្នើអ៊ុយក្រែនឲ្យជ្រៀតជ្រែកកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំក្រោយ។
ទី២ ចោទលោកថា បានរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយសារតែមានការជំទាស់ទៅនឹងដីការបស់សភា ដែលចង់ឲ្យមានការផ្ដល់សក្ខីកម្ម និងឯកសារនានា។
យ៉ាងណាមិញសវនាការរបស់ព្រឹទ្ធសភា ចំពោះករណីនេះ នឹងត្រូវធ្វើទ្បើងនាខែមករាខាងមុខ ដោយនៅក្នុងព្រឹទ្ធសភា បក្សសាធារណរដ្ឋរបស់លោក ត្រាំ កាន់កៅអី ៥៣ ទល់នឹង ៤៧ កៅអីរបស់បក្សប្រជាធិបតី ដែលធ្វើឲ្យដំណើរការដករូបលោកចេញពីតំណែង ទំនងជាមិនអាចទៅរួចនោះទេ៕

មតិយោបល់