ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណាប្រភេទថ្មី កើនដល់ ១០៦នាក់ ខណៈអ្នកឆ្លងសរុបជាង ៤,០០០នាក់ នៅចិន

ចិនៈ អាជ្ញាធរក្រុងប៉េកាំង បាននិយាយថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅប្រទេសចិន បានកើនឡើងដល់ ១០៦ នាក់ហើយ ខណៈមានករណីអ្នកឆ្លងថ្មីចំនួនជិត ១,៣០០ នាក់ ត្រូវបានបញ្ជាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

គណៈកម្មការសុខាភិបាល នៅភាគកណ្តាលខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការរាតត្បាត បាននិយាយថា មនុស្សចំនួន ២៤ នាក់ទៀត បានស្លាប់ដោយវីរុសផ្លូវដង្ហើមថ្មីនេះ ខណៈអ្នកឆ្លងថ្មីបន្ថែមមានចំនួន ១,២៩១ នាក់ សរុបករណីអ្នកឆ្លងមកទល់ពេលនេះ បានកើនដល់ជាង ៤,០០០ នាក់នៅទូទាំងប្រទេស។

សូមជំរាបថា វីរុសនេះ បានកើតទ្បើងដំបូង នៅក្នុងទីក្រុងវូហានប្រទេសចិន ចាប់តាំងពីពេលនោះមក វាក៏ត្រូវបានគេកំណត់អត្តសញ្ញាណ នៅតាមបណ្ដាប្រទេសច្រើនជាង ១២ ក្នុងនោះរាប់បញ្ចូលទាំងអ្នកជំងឺ ដែលត្រូវបានបញ្ជាក់ជាលើកដំបូង នៅប្រទេសកាណាដា និងស្រីលង្កាផងដែរ៕

មតិយោបល់