ព័ត៌មានអន្តរជាតិ

អាមេរិក នឹងកាត់បន្ថយជំនួយចំនួន១ ពាន់លានដុល្លារ ពីប្រទេសអាហ្គានីស្ថាន

អាមេរិកៈ ដើម្បីឆ្លើយតបនឹងការខ្វែងគំនិតគ្នាជាបន្ត នៅប្រទេសអាហ្វហ្កានីស្ថាន រវាងលោក Ashraf Ghani និងលោក Abdullah Abdullah ថាតើមួយណា ដែលអាចឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីខែកញ្ញាឆ្នាំ ២០១៩កន្លងទៅនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសថា នឹងកាត់បន្ថយជំនួយ របស់ខ្លួន សម្រាប់ប្រទេសមួយនេះចំនួន ១ ពាន់លានដុល្លារ ហើយក៏ត្រៀមកាត់បន្ថយ ១ ពាន់លានដុល្លារបន្ថែមទៀត នៅឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ទាក់ទងនឹងលោក Abdullah និងលោក Ghani ថា សហរដ្ឋអាមេរិក មានការខកចិត្តយ៉ាងខ្លាំង ចំពោះពួកគេ និងអ្វីដែលពួកគេប្រព្រឹត្ដ ចំពោះប្រទេសអាហ្វហ្គានីស្ថាន រួចទាំងផលប្រយោជន៍រួមរបស់យើង។ ការបរាជ័យរបស់ពួកគេ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងអាមេរិក និងអាហ្វហ្គានីស្ថាន ហើយគួរឱ្យស្តាយបំផុតនោះ គឺការបង្អាប់ជាតិសាសន៍អាហ្វហ្គានីស្ថាន អាមេរិក និងសម្ព័ន្ធមិត្ត ដែលបានលះបង់ជីវិតរបស់ពួកគេ ចំពោះបុព្វហេតុ។

លោក Pompeo បាននិយាយទៀតថា ដោយសារតែភាពបរាជ័យ នៃភាពជាអ្នកដឹកនាំនេះ បានបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ផលប្រយោជន៍ជាតិរបស់អាមេរិក ហើយរដ្ឋាភិបាលអាមេរិក នឹងចាប់ផ្តើមពិនិត្យឡើងវិញ នូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយអាហ្វហ្គានីស្ថាន៕

មតិយោបល់