មេដឹកនាំទាំង ១៧១ប្រទេស ជួបប្រជុំគ្នានៅទីស្នាក់ការ យូអិន ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ប៉ារីស

យូអិន: មេដឹកនាំមកពីបណ្តាប្រទេស ចំនួន ១៧១ នៅលើសកលលោក បានប្រមូលផ្តុំគ្នានៅឯ ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជានិមិត្តរូបនៃទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសឹង្ហបុរី នៅយប់ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើនេះ គឺជាការសម្រេច ទៅតាមស្មារតី ដែលមានចែង ក្នុងសេចក្តីព្រាងរួមគ្នាមួយ កាលពីកិច្ចប្រជុំរបស់អន្តរជាតិ ក្នុងទីក្រុងប៉ារីស នៅខែធ្នូ ឆ្នាំ២០១៥ ដើម្បីដោះស្រាយ ជាជំហានដំបូង និងប្រកបដោយប្រសិទ្ធភាព ក្នុងន័យកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន ជាពិសេសការប្រែប្រួល អាកាសធាតុ ដែលកាន់តែអាក្រក់ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើងស្របពេល ដែលបណ្តាប្រទេសកាន់តែច្រើនឡើង នៅលើសកលលោក កំពុងតែជួបប្រទះ បញ្ហាប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្តៅខ្ពស់ ខុសពីធម្មតា ដែលជាបង្កឲ្យមានគ្រោះរាំងស្ងួត និង មនុស្សបាត់បង់ជីវិត រ៉ាប់ម៉ឺននាក់ នៅទូទាំងពិភពលោក៕

photo_2016-04-22_21-43-58 photo_2016-04-22_21-44-01

មតិយោបល់