ស្ទឹងត្រែង:រថយន្តសាំយ៉ុង ១២កៅអី ១គ្រឿង បានដឹកឈើប្រណិត ចេញពី សង្កាត់សាមគ្គី ចូលមកទីរួមខេត្ត ត្រូវបានមន្ត្រីជំនាញ ធ្វើការស្ទាក់ចាប់បាន ត្រង់ចំណុចក្រោយសាលារៀន
បូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង០៥:៣៩នាទី ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់ឱ្យ Post News ដឹងថា រថយន្តសាំយ៉ុង ខាងលើ ជាប្រភេទរថយន្ត សាំយ៉ុង ១២កៅអី ដឹកអ្នកដំណើរ ព័ណទឹកប្រាក់ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ – 1845 ហើយនៅថ្ងៃដដែល រថយន្តខាងលើ បានដឹកឈើប្រណិត ប្រភេទបេង ដែលមានមុខកាត់ធំៗ ចំនួន ២សន្លឹក ការដឹកជញ្ជូននេះ គឺត្រូវបានគេដឹងថា ដឹកចេញពីចំណុច ភូមិញ៉ឺន សង្កាត់សាមគ្គី ក្នុងបំណងយកចូលក្នុងទីរួមខេត្ត ប៉ុន្តែពេលមកដល់ចំណុចខាងលើ ក៍ត្រូវបានជំនាញស្ទាក់ចាប់បាន តែម្តង។
គួរបញ្ជាក់ថា រថយន្ត សាំយ៉ុង ខាងលើនេះ គឺជាមុខសញ្ញា ដែលដឹកបទល្មើសឈើប្រណិត យ៉ាងសកម្ម ជារាងរាល់ថ្ងៃ ហើយក៍ជាមុខសញ្ញា ដែលសមត្ថកិច្ច និងជំនាញតាមប្រម៉ាញ់ ជាច្រើនដងមកហើយ តែមិនអាចបង្ក្រាបបាន ទើបតែថ្ងៃនេះ ទើបអាចបង្ក្រាបបាន។
បច្ចុប្បន្ន រថយន្ត សាំយ៉ុង ខាងលើ ត្រូវបានមន្ត្រីជំនាញបញ្ជូនយកចូល ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់ហើយ។ ចំណែកម្ចាស់រថយន្ត ត្រូវបានជំនាញដោះលែង ដោយមន្ត្រីជំនាញ បានបញ្ជាក់ថា បទល្មើសនេះ មិនមែនជាបទល្មើសព្រហ្មទ័ណ្ឌ ដូច្នេះមិនអាចឃាត់ខ្លួនបានឡើយ៕
មតិយោបល់