ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់ជួបជាមួយអ្នកបញ្ចេញមតិ ចោទប្រកាន់ប្រឆាំងរូបលោក

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកចង់ជួបជាមួយអ្នកបញ្ចេញមតិអនាមិក ជុំវិញរឿងអាស្រូវ ដែលធ្វើឲ្យមានការស៊ើបអង្កេតចោទប្រកាន់ ប្រឆាំងនឹងរូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមលិខិតរបស់មេធាវី ដែលចេញផ្សាយដោយភ្នាក់ងារ CBS News បានឲ្យដឹងថា មានការព្រួយបារម្ភអំពីសុវត្ថិភាព អ្នកដែលអាចផ្តល់សក្ខីកម្ម នៅចំពោះមុខសភានាពេលឆាប់ខាងមុខ ប្រសិនបើអត្តសញ្ញាណរបស់ពួកគេ ត្រូវបានបង្ហាញ។

យ៉ាងណាមិញលោក ត្រាំ បាននិយាយថា ដូចទៅនឹងជនជាតិអាមេរិកទាំងអស់ដែរ លោកសមនឹងទទួលបានការជួបអ្នកទាំងនោះ ជាពិសេសអ្នកបញ្ចេញមតិអនាមិក ចោទប្រកាន់ ប្រឆាំងមកលើរូបលោក ជាមួយមេដឹកនាំបរទេស តាមរបៀបមិនត្រឹមត្រូវ និងក្លែងបន្លំជាដើម។

ដោយលោក ត្រាំ នៅ​តែ​បន្ត​អះអាង​ថា កិច្ច​សន្ទនា​របស់​លោក​ជាមួយប្រធានាធិបតី​អ៊ុយក្រែន គឺ​មិន​មាន​ការ​ខុស​ឆ្គង​អ្វី​ទាល់​តែ​សោះ និងថា ការ​ចោទ​ប្រកាន់​របស់​លោក លើ​លោក​ Joe Biden និង​កូន​ប្រុស​ Hunter Biden ពី​បទ​អំពើ​ពុក​រលួយ​នោះ ក៏​មិន​មាន​ការ​ខុស​ឆ្គង​អ្វី​ដែរ បើ​ទោះ​ជា​រដ្ឋបាល​របស់​លោក​មិន​ទាន់​មានភស្តុតាង​អ្វី​ក៏​ដោយ។

សូមបញ្ជាក់៖ ប្រធាន​សភា​តំណាងរាស្ត្រ​ អ្នក​ស្រី​ Nancy Pelosi បាន​និយាយ​ថា សំណុំ​រឿង​បទ​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ នឹង​បន្ត​ដំណើរការ​ទៅ​មុខ ដោយ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​អះ​អាង​ទាំង​ឡាយ​ នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ការ​សម្ងាត់នយោបាយ​នោះ​៕

មតិយោបល់