ហ្វីលីពីនៈ តាមរបាយការណ៍វិទ្យុក្នុងស្រុកមួយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ០៣ នាក់ ត្រូវបានសម្លាប់ និង ៥២ នាក់ទៀតបានរងរបួស បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម ក្នុងទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេស ខណៈដែលពួកសកម្មប្រយុទ្ធគាំទ្រ ISIS ពី ៣០ ទៅ ៤០ នាក់ នៅតែបន្តបើកការវាយប្រហារ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាលោក Jo-ann Petinglay បាននិយាយថា ទាហានទាំងនោះ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទាហានដទៃទៀត បានទទួលរងរបួស ដោយការផ្ទុះគ្រាប់បែក បំពាក់ទៅដោយជាតិផ្ទុះ IEDs ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយមន្ត្រីយោធា បានឲ្យដឹងថា ផែនការចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីកម្ទេចកងកម្លាំងទ័ព ពួកសកម្មប្រយុទ្ធ Maute នៅទីក្រុងម៉ារ៉ាវី នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ។
ក្នុងនោះដែរ វរសេនីយ៍ឯកលោក Romeo Brawner មេបញ្ជាការរងនៃកងកម្លាំងរួមទីក្រុងម៉ាវីវី បានអះអាងថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តប្រតិបត្តិការចុងក្រោយ ដើម្បីកម្ទេចក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ដែរថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៨០០ នាក់ហើយ ខណៈជនស៊ីវិលជាង ៥០០.០០០ នាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុង៕
មតិយោបល់