ព័ត៌មានអន្តរជាតិ

ភ្លើងស្នេហ៍ប្រចណ្ឌ ស្ត្រីខ្មែរម្នាក់ ត្រូវប្តីថៃអារក សម្លាប់រួចអារកខ្លួនឯងតាមក្រោយ

ថៃៈ ករណីឃាតកម្មដ៏រំជើបរំជួលមួយ បានផ្ទុះឡើងជាដើមចម ត្រូវបានគេនិយាយថា ផ្តើមចេញពីស្នេហាត្រីកោណ រហូតធ្វើឲ្យប្តីប្រពន្ធបាត់បង់ជីវិតទាំង២នាក់ បន្ទាប់ពីប្តីជាជនជាតិថៃ បានអារកប្រពន្ធជាជនជាតិខ្មែរ រួចអារកខ្លួនឯងតាមក្រោយ។

រហូតមកទល់នឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ស្ត្រីជាជនជាតិខ្មែរ ដែលប្តីអារកសម្លាប់នៅក្នុងទឹកដីថៃនោះ មិនទាន់ត្រូវបានគេបញ្ជូនមកកាន់ស្រុកភូមិកំណើតនៅឡើយទេ ខណៈករណីនេះបានកើតឡើងជិតមួយសប្តាហ៍។

យោងតាមរបាយការណ៍របស់ប៉ូលិសថៃ ដែលបានបង្ហាញឲ្យដឹង កាលពីល្ងាចថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៦ថា កាលពីពេលថ្មីៗ មានករណីឃាតកម្មមួយ បានកើតឡើងក្នុងលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ៣ ឃុំឆងគុំ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ ប្រទេសថៃ។

លោក ថាវី សារីអ៊ួន មេភូមិ៣ បានលើកឡើងថា កាលពីថ្ងៃទី៥ ខែតុលា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ រិន តេជៈ ភេទស្រី អាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង ហើយបានមករស់នៅក្នុងភូមិនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសារតែនាងបានស្វាមីជាជនជាតិថៃ នៅក្នុងតំបន់នេះ បានមកប្តឹងថា រូបនាងត្រូវបានស្វាមីវាយធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃ នៅពេលដែលគេត្រឡប់មកពីធ្វើការម្តងៗ។

លោកមេភូមិ បានបន្តថា ក្រោយមក លោកក៏បានហៅស្វាមីរបស់នាងឈ្មោះ ថា តេជៈ អាយុ៤៥ឆ្នាំ មកណែនាំ និងអប់រំឲ្យបញ្ឈប់នូវសកម្មភាពទាំងនេះ ព្រោះវាជាអំពើហិង្សាក្នុងគ្រួសារមួយខុសនឹងផ្លូវច្បាប់។ នៅពេលនោះដែរ ឈ្មោះ ថា តេជៈ ក៏ទទួលស្គាល់កំហុសរបស់ខ្លួន ដោយគេបានសន្យាថា នឹងមិនធ្វើបែបនេះតទៅទៀតនោះឡើយ។

ស្ត្រីឈ្មោះ ច័ន្ទ តេជៈ អាយុ៧០ឆ្នាំ ត្រូវជាម្តាយលោក ថា តេជៈ បាននិយាយថា កូនប្រុសរបស់គាត់បាននារីខ្មែរ ជាភរិយាយូរមកហើយ រហូតបានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយកាលពី២ថ្ងៃមុន កូនប្រុសបានតេទូរស័ព្ទមកសួរសុខទុក្ខគាត់ និងប្រពន្ធរបស់វាផងដែរ ។

ស្ត្រីជាម្តាយបានបន្តថា លុះនៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានមកលេងផ្ទះ ដោយនៅពេលនោះដែរ ក៏មានការឈ្លោះប្រកែកគ្នាតមាត់ទៅវិញទៅមកយ៉ាងខ្លាំងផងដែរ ដែលខ្លឹមសារ គឺកូនប្រុសរបស់គាត់បានចោទប្រកាន់ប្រពន្ធវាថា លួចទៅប្រព្រឹត្តអំពើផិតក្បត់ដោយមានប្រុសនៅខាងក្រៅ ដោយរូបគាត់បានត្រឹមតែអង្គុយស្តាប់ពីផ្ទះទៅតែប៉ុណ្ណោះ ព្រោះទោះបីជាហាមឃាត់យ៉ាងណាក៏វាមិនស្តាប់ដែរ គឺមានតែកូនស្រីរបស់វាម្នាក់គត់ ដែលនៅក្នុងផ្ទះនោះជាមួយវា គឺនៅមើលឪពុកម្តាយវាឈ្លោះគ្នា។រំពេចនោះក៏ស្រាប់តែឭកូនស្រីដែលជាចៅបានស្រែកឆោរឡោឡើងយ៉ាងខ្លាំង ដោយបានរត់ចេញមកខាងក្រៅផ្ទះព្រមទាំងបានយំស្រែកផងដែរ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ព្រមទាំងលោកមេភូមិ ពេលនោះពួកគេក៏បានចូលទៅមើលគឺឃើញប្តី ប្រពន្ធទាំងពីរនាក់នេះ បានដេកក្រាបលើគ្នាពោរពេញ ដោយឈាមជោគជាំហើយនៅក្នុងដៃស្តាំរបស់បុរសដែលជាស្វាមីមានក្តាប់កាំបិតចុងស្រួច ប្រវែង៤តឹកយ៉ាងណែនក្នុងដៃផងដែរ។ ក្រោយពេលសមត្ថកិច្ចក្រុមតម្រួតចុះទៅត្រួតពិនិត្យ ព្រមទាំងបានហៅសាក្សីមួយចំនួនមកសាកសួរផងនោះ គឺកូនស្រីច្បងរបស់ជនរងគ្រោះទាំងពីរ បាននិយាយអំពីសកម្មភាព របស់ឪពុកម្តាយវាថា នៅពេលដែលពួកគេឈ្លោះគ្នានោះ ស្រាប់តែឪពុកនាងបានស្ទុះទៅច្របាច់ក ម្តាយយ៉ាងខ្លាំង ហើយក៏បានទាញកូនកាំបិតចុងស្រួចមកអារកម្តាយដួលស្លាប់ភ្លាមៗ បន្ទាប់មកគាត់បានអារកខ្លួនឯងតាមក្រោយដែរ ។ ប្រភពក្រៅផ្លូវការមួយចំនួនទៀតបានបង្ហើបឲ្យដឹងថាការសម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯងនេះ បន្ទាប់ពីស្វាមី បានស៊ើបដឹងថាប្រពន្ធរបស់ខ្លួនមានការផិតក្បត់នឹងសាហាយស្មន់ជាមួយប្រុសថ្មី ទើបឈានដល់ការបង្កើតករណីឃាតកម្មនេះឡើង។

ក្រោយពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យគឺបានបញ្ជាក់ថា បំពង់ខ្យល់ នៃបំពង់ក របស់ពួកគេទាំងពីរនាក់ប្តីប្រពន្ធ ស្ទើរតែដាច់ទៅហើយដែលទទួលរងនូវ ផ្លែកាំបិតដ៏មុតស្រួចនេះ ក្រោយមកក្រុមគ្រួសារ និងសមត្ថកិច្ចបាននាំយកសពទៅតម្កល់ធ្វើបុណ្យនៅឯវត្តក្នុងភូមិខាងលើ ចំណែកសពស្ត្រីជាភរិយាដែលជាជនជាតិខ្មែរ គេមិនទាន់ ដឹងថាតើគេត្រូវបញ្ជូនមកកាន់ខេត្តបាត់ដំបង ដើម្បីប្រគល់ឲ្យក្រុមគ្រួសារឬក៏ត្រូវបូជា នៅក្នុងខេត្តស្រះកែវនោះឡើយ ៕

ឃាតកម្មនៅថៃឃាតកម្មនៅថៃឃាតកម្មនៅថៃឃាតកម្មនៅថៃឃាតកម្មនៅថៃឃាតកម្មនៅថៃឃាតកម្មនៅថៃ

មតិយោបល់