បរទេសៈ អ្នកកាសែតស្រ្តីម្នាក់ ដែលធ្វើការឲ្យកាសែតជាភាសាអង់គ្លេស Myanmar Times បាននិយាយថា នាងត្រូវបានគេបណ្តេញចេញពីការងារ ដោយសារតែនាងបានសរសេរអត្ថបទចោទប្រកាន់ទៅលើកងកម្លាំងសន្តិសុខចាប់រំលោភស្រ្តីនៅក្នុងភូមិមួយអស់ប្រហែល ៣០នាក់។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការបណ្តេញបុគ្គលិកចេញនេះ គឺបន្ទាប់ពីមានការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលមកលើស្ថាប័នកាសែត។ អ្នកកាសែតស្រ្តីដែលត្រូវគេបណ្តេញចេញពីការងារនោះឈ្មោះ Fiona MacGregor គាត់បានចេញផ្សាយអត្ថបទកាលពីថ្ងៃទី២៧ខែតុលា ក្រោមចំណងជើងថា ករណីរំលោភរាប់សិបករណីបានកើតឡើងនៅភាគខាងជើងរដ្ឋ រ៉ាក់ឃីន ប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ ទៅលើស្រ្តីប្រហែល ៣០នាក់ នៅក្នុងភូមិតែមួយ។
បន្ទាប់មកក៏មានសេចក្តីថ្លែងការណ៍យោងមួយ ចេញដោយបណ្តាញសិទ្ធិមនុស្សភូមាដែលថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ដោយយ៉ាងហោចណាស់មានករណីចាប់រំលោភចំនួន ១០កើតឡើង ចាប់តាំងពីមានប្រតិបត្តិការយោធាកើតឡើង ក្នុងនោះមានស្រ្តីម្នាក់ មានផ្ទៃពោះ ០៣ខែ និងក្រោយមកបានរំលូតកូនចោល៕
មតិយោបល់