ខ្សែប្រយុទ្ធមុតស្រួច Pierre-Emerick Aubameyang មិនបានចូលលេងទេក្នុងការប្រកួត UEFA Champions League ឱ្យក្រុម Dortmund ឈ្នះក្រុម Sporting ១-០ នោះទេ ដោយសារតែត្រូវក្លឹបដាក់ពិន័យ ក្រោយរកឃើញថាកីឡាកររូបនេះនាំមិត្តស្រីទៅដើរលេង មិនសុំអនុញ្ញាត។
ចំពោះមូលហេតុនេះវិញ គឺដោយសារតែក្លឹបរកឃើញថាខ្សែប្រយុទ្ធរូបនេះ បានដើរលេងជាមួយមិត្តស្រីរបស់ខ្លួននៅយប់មុនការប្រកួតឈានចូលមកដល់។ ខណៈដែលនេះគឺជាការល្មើសច្បាប់ដែលបានចរចាគ្នាមក។ ហេតុដូច្នេះហើយ បានជាក្លឹបតម្រូវដាក់ពិន័យរូបគេមិនឱ្យចូលលេងក្នុងការប្រកួតសំខាន់នៅ Champions League បាន។
យ៉ាងណាមិញការពិន័យនេះមិនមានអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺ Aubameyang នឹងបានចូលលេងវិញហើយក្នុងការប្រកួតនៅចុងសប្ដាហ៍នេះ ខណៈដែលកីឡាកររូបនេះបានដើរតួរសំខាន់ណាស់សម្រាប់ក្រុមទាំងមូល។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ បានរកគ្រាប់បាល់ចំនួន១០គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន១៣ប្រកួតរដូវកាលនេះ។ រូបគេបាននិយាយតាំងពីដើមរដូវកាលមកថា ខ្លួនចង់បានស្បែកជើងមាសនៅលីគកំពូលអាល្លឺម៉ង់ ក្នុងរដូវកាលនេះ ក៏ដូចជាចង់ជួយ Dortmund លើកពានរង្វាន់ផងដែរ៕
មតិយោបល់