ថៃៈ សាច់ជ្រូកព្រៃ ប្រមាណជាង៤តោន និងទំនិញមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងការគេចមិនព្រមបង់ពន្ធស្របច្បាប់ ត្រូវបានកម្លាំងចម្រុះរបស់ថៃ ធ្វើការត្រួតពិនិត្យនិងដកហូតទុកទាំងអស់ ខណៈដែលទំនិញទាំងនេះកំពុងហូរចូលតាមខ្សែរថភ្លើងពីខ្សែបន្ទាត់ព្រំដែនប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងបាងកក ។
តាមការឲ្យដឹងតាមរយៈរបាយការណ៍ពីប្រទេសថៃ នៅវេលាម៉ោង៣ និង៣០នាទី
រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានកម្លាំងចម្រុះមួយក្រុមក្នុងនោះរួមមានមេព្រៃកម្លាំងវរៈការពារព្រំដែនលេខ៤៣៥០ កម្លាំងតម្រួត កម្លាំងបសុពេទ្យ និងមន្ត្រីគយប្រចាំនៅខេត្តប៉ាតានី ភាគខាងត្បូងនៃប្រទេសថៃ ជាប់ខ្សែបន្ទាត់ព្រំដែនម៉ាឡេ បានចុះប្រតិបត្តិការទៅកាន់ស្ថានីយ៍រថភ្លើងខូកផូ ក្នុងស្រុកខូកផូ ខេត្តប៉ាតានី ដើម្បីត្រួតពិនិត្យទៅលើទំនិញគេចពន្ធ ដែលធ្វើដំណើរតាមខ្សែរថភ្លើង ចេញពីចំណុច សុង៉ៃ កូឡុក ឆ្ពោះទៅកាន់ទីក្រុងបាងកក ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងទៅលើខ្សែរថភ្លើងចំនួនពីរខ្សែ គឺខ្សែទី១ ដែលជាខ្សែលេខ១៧២ បានប្រទះឃើញសាច់ជ្រូកព្រៃចំនួន៨១កេះ ដែលក្នុងមួយកេះមានទម្ងន់ស្មើនឹង៥០គីឡូក្រាម សរុបទាំងអស់ស្មើនឹង ៤០៥០ គីឡូក្រាម សត្វត្រដក់រស់
ចំនួន៣ក្បាល និងទឹកដោះគោកញ្ចប់ចំនួន១៥០កេះ ។ ខ្សែទី២ដែលជាខ្សែរថភ្លើងលេខ ៤៥៤៧ កម្លាំងចម្រុះបានរកឃើញមាន សាប៊ូម៉្សៅចំនួន៣០ កេះ និងទឹកដោះគោម៉្សៅចំនួន ៨៥០ គីឡូក្រាម ។ នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ ក្រោយពីកម្លាំងចម្រុះ បានដកហូតនូវមុខទំនិញ និងសាច់សត្វ ខុសច្បាប់ ព្រមទាំងបាន
សួររកម្ចាស់ទំនិញទាំងនេះ គឺគ្មានអ្នកម្នាក់ហ៊ានចេញមុខទទួលខុសត្រូវឡើយ គឺមានន័យថា រកម្ចាស់ទំនិញមិនឃើញ ទើបកម្លាំងសម្រេចប្រគល់ទំនិញទាំងអស់នេះទៅឲ្យកម្លាំងជំនាញ ក្នុងខេត្តប៉ាតានី ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់