តួកគីៈ ប្រធានាធិបតីប្រទេសតួកគី កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើសាមគ្គីភាព ជាមួយអាមេរិក ក្នុងការដោះស្រាយនឹងការធ្វើបត្យាប័នលោក Gulen ដែលត្រូវបានចោទប្រកាន់ ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ាថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារយោធា ដែលត្រូវបរាជ័យនោះ។ នេះបើយោងតាមរយៈ សារព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
លោក Erdogan បានធ្វើសេចក្ដីបញ្ជាក់ ក្នុងអំឡុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera កាលពីយប់ថ្ងៃពុធនៅក្នុងទីក្រុងអង់ការ៉ា។
លោកបានថ្លែងថា ” ដំណើរការជាមួយ អាមេរិកសម្រាប់ធ្វើបត្យាប័នលោក Gulen ត្រូវបានចាប់ផ្តើម ហើយយើងនឹងរង់ចាំថា ការកាត់ក្តីនៅតុលាការ និងសង្ឃឹមថា ពួកគេនឹងធ្វើសកម្មភាពឲ្យបានលឿន “។
លោក Erdogan និយាយថាទំនាក់ទំនងទ្វេភាគីនេះ មិនមែនផ្អែកលើអារម្មណ៍នោះទេ តែក្នុងនាមតួកគី និងអាមេរិក ដែលជាដៃគូយុទ្ធសាស្រ្តសំខាន់ មានផលប្រយោជន៍រួមគ្នាជាច្រើន និងគួរតែពង្រឹងសាមគ្គីភាព ជាមួយគ្នា។
លោកប្រធានាធិបតី បានទទួលស្គាល់ផងដែរថា មានភាពទន់ខ្សោយ ក្នុងវិស័យការស៊ើបការណ៍សម្ងាត់តួក ទាក់ទងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ មិនអាចធ្វើការបញ្ចប់បានភ្លាម។
គួរបញ្ជាក់ដែរថា ក្រោយការធ្វើរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃសៅរ៍នោះ មនុស្សជាង ៩.០០០នាក់ ត្រូវបានចាប់ខ្លួន និងកំពុងប្រឈមមុខនឹងការកាត់ទោសរបស់តុលាការ នេះបើយោងតាមការឲ្យដឹងពីលោកប្រធានាធិបតី៕
មតិយោបល់