ថៃៈ ថ្នាំញៀនប្រភេទយ៉ាម៉ា២សែនគ្រាប់ ត្រូវបានកម្លាំងនាយកដ្ឋាន ប្រឆាំងគ្រឿងញៀនប្រទេសថៃធ្វើការរឹបអូសបានពីក្នុងចំការកៅស៊ូដែលជនសង្ស័យនាំយកទៅកប់លាក់ទុកក្នុងដី។
តាមរបាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិ១០ ឃុំណងឡាត់ឡក ស្រុកបានខាយ ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
សូមរំលឹកថា កន្លងទៅថ្មីៗនេះ សម្លាំងនាយកដ្ឋានបានធ្វើការរឹបអូស គ្រឿងញៀន២ប្រភេទ នៅត្រង់ចំណុចព្រលានយន្តហោះអូរតាផៅ ក្នុងភូមិសាស្ត្រ ឃុំផ្លាស្រុកបានឆាង ខេត្តរ៉ាក់យ៉ង ដោយមានគ្រឿងញៀនប្រភេទយ៉ាម៉ា និងប្រភេទម៉ាទឹកកក ស្មើនឹងទឹកប្រាក់ ជាង១៥០ លានបាត។
ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវរកអត្តសញ្ញាណនៃមុខសញ្ញាយ៉ាងច្បាស់រួចមក កម្លាំងអង្គភាពជំនាញនៃក្រុមតម្រួតថៃបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលរស់នៅក្បែរចំការកៅស៊ូខាងលើ។ ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ ធីរៈ ផុន ហៅ ចឺស៊ុត ប្រាក់សឺត ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ម៉ែវ បំរុងកុល ហៅ វិឆៃ ភេទប្រុស អាយុ៤២ឆ្នាំ ព្រមទាំងបានធ្វើការដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាបានចំនួន ៦០៧,០០០ គ្រាប់ និងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៣០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានប្រើវិធានការមួយ គឺនាំខ្លួនស្ត្រីពីរនាក់ មានឈ្មោះ ឆាណៈ សុនថន អាយុ៣៦ឆ្នាំ ត្រូវជាភរិយារបស់ឈ្មោះ វិឆៃ និងឈ្មោះ សាំនៀង ឆាណៈសុនថន អាយុ៥៤ឆ្នាំ ត្រូវជាម្តាយក្មេក ឲ្យទៅចង្អុលបង្ហាញទីតាំងដែលគេសង្ស័យថា មានការលាក់ទុកនូវសារធាតុញៀនខុសច្បាប់។
ក្រោយមក កម្លាំងជំនាញបានចាប់ផ្តើមយកត្រាក់ទ័រមកធ្វើការគាស់កកាយលើផ្ទៃដីក្នុងចំការកៅស៊ូ អស់ទំហំប្រមាណ២រ៉ៃ ក៏បានប្រទះឃើញថង់ខ្មៅធំៗចំនួន២ នៅក្នុងដីចំការនេះ។ បន្ទាប់ពីត្រួតពិនិត្យ ក្នុងថង់ខ្មៅនោះ កម្លាំងជំនាញរកឃើញសុទ្ធតែគ្រឿងញៀនប្រភេទយ៉ាម៉ាសរុប២សែនគ្រាប់។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងគ្រឿងញៀន រៀបចំឯកសារបញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់