ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពស៊ីរីចោទប្រកាន់ថា ការវាយប្រហារដែនអាកាសតួកគី សម្លាប់មនុស្ស ១៥០ នាក់ នៅទីក្រុងអាឡេប៉ូ

ស៊ីរីៈ យោងតាមទីភ្នាក់ងាររដ្ឋ SANA រាយការណ៍ថា កងទ័ពស៊ីរីបានចោទប្រកាន់ ចំពោះការវាយប្រហារដែនអាកាស របស់រដ្ឋាភិបាលតួកគី នៅទីជនបទភាគខាងជើងខេត្ត នៃទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី បានសម្លាប់ជនស៊ីវិល ១៥០ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ប្រភពពីទាហានស៊ីរី បាននិយាយថា ការវាយប្រហារដែនអាកាសតួកគី នៅតាមទីប្រជុំជន និងភូមិភាគខាងជើងទីក្រុងអាឡេប៉ូ បានកំណត់គោលដៅចំទីតាំងជនស៊ីវិល ដែលបង្កជាគ្រោះថ្នាក់កាន់តែខ្លាំង និងស្ថានភាពភាពស្មុគស្មាញបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ កងទ័ពស៊ីរី បានឲ្យដឹងទៀតថា ខ្លួនអាចនឹងត្រូវរងការគំរាមគំហែង ពីការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំងតួកគីណាមួយ ដែលនឹងរំលោភចូលលើដែនអាកាសរបស់ប្រទេស។

នៅសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា «រាល់ការរំលោភបំពានដែនអាកាសស៊ីរី ដោយយន្តហោះចម្បាំងរបស់តួកគី នឹងត្រូវបានដោះស្រាយតាមមធ្យោបាយ ដែលអាចធ្វើទៅបាន»។

គួបញ្ជាក់ដែរថា ប្រទេសតួកគីដែលជាអ្នកគាំទ្រសំខាន់នៃការបះបោរប្រឆាំង នឹងប្រធានាធិបតីលោក Bashar al-Assad បានចូលរួមក្នុងជម្លោះប្រទេសស៊ីរី តាំងពីខែសីហា ដោយបានប្រើអាវុធ និងធ្វើការវាយប្រហារដែនអាកាសរបស់ខ្លួន ដើម្បីជួយដល់ក្រុមឧទ្ទាមកងទ័ពស៊ីរី នៅក្បែរព្រំដែនទឹកដីរដ្ឋអ៊ីស្លាម៕

syria-accuses-turkish-airstrikes-of-killing-150-in-aleppo-countryside

មតិយោបល់