ព័ត៌មានសេដ្ឋកិច្ច

ហាងកាហ្វេប្រោន៖ តិចនិកដឹកនាំបុគ្គល ឲ្យក្លាយជាគ្រួសារតែមួយ

ជាការពិតណាស់ នៅគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន សុទ្ធតែជួបឧបសគ្គក្នុងការដឹកនាំបុគ្គល ឲ្យស៊ីចង្វាក់គ្នាទៅនឹងការងារ ព្រោះវាទាមទារឲ្យអ្នកគ្រប់គ្រង មានជំនាញច្បាស់លាស់ក្នុងការដឹកនាំ។

Post Business បានជួបសម្ភាសន៍ជាមួយប្រធានផ្នែកធនធានមនុស្សនៃហាងកាហ្វេប្រោន លោក សួន សំរ៉េណូ បានចែករំលែកបទពិសោធន៍ដ៏ល្អ ថាតើគួរធ្វើយ៉ាងណាដើម្បីដឹកនាំបុគ្គល ឲ្យក្លាយជាគ្រួសារតែមួយ។

នៅពេលក្រុមហ៊ុនដំណើរការទៅបានល្អ និងដើម្បីពង្រីកសក្តានុពល គឺតែងតែមានបុគ្គលិកថ្មីចូលរួម ហើយប្រោន បានប្រើយុទ្ធសាស្រ្តណែនាំ ៣ ដើម្បីឲ្យពួកគេកាន់តែជិតស្និទ្ធជាមួយការងារ និងបុគ្គលិកចាស់។

កត្តាដំបូងបង្អស់គឺ ការស្គាល់ពីមនុស្ស ពោលគឺអ្នកធ្វើការជាមួយ ថាតើថ្នាក់ដឹកនាំជានរណា អ្នកធ្វើការឬសហការជាមួយជានរណា អ្នកក្រោមបង្គាប់ជានរណា ព្រោះពួកគេអាចណែនាំពី ឧបករណ៍សម្ភារៈផ្សេងៗ ណែនាំពីរបៀបធ្វើការងារទាំងផ្លូវការ ទាំងមិនផ្លូវការ ឬផ្តល់ជាចំណេះដឹងបន្ថែមទៀតផង។

កត្តាទី ២ គឺ ការស្គាល់ពីឧបករណ៍ប្រើប្រាស់ ពួកគេត្រូវតែដឹងថា សម្ភារៈអ្វីខ្លះដែលត្រូវប្រើ របស់អ្វីខ្លះត្រូវដាក់តាំង និងរបស់យកមកលក់។

កត្តាទី ៣ គឺ របៀបនៃការធ្វើការ គឺពាក់ព័ន្ធទៅនឹងកត្តាទី ១ និងទី ២ នៅពេលដែលពួកគេស្គាល់ពីមនុស្ស និងសម្ភារៈច្បាស់ ពួកគេអាចបំពេញការងារដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រោះពួកគេនឹងកាន់តែមានទំនុកចិត្ត ក្នុងការប្រាស្រ័យទាក់ទងគ្នា។

លើសពីនេះទៅទៀត ដើម្បីធ្វើឲ្យបុគ្គលិក ក្លាយជាគ្រួសារតែមួយ ប្រោន ប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង ៦ រួមមាន៖

ក្រុមការងារ៖ សហការគ្នាទាំងផ្ទៃក្នុង នឹងខាងក្រៅ ដើម្បីសម្រេចចក្ខុវិស័យរបស់ប្រោន

ភាពរីកចម្រើន៖ ពង្រឹងចំណេះដឹងផ្នែកបច្ចេកទេស និងគ្រប់គ្រង

ភាពច្នៃប្រឌិត៖ គិត និងបំពេញការងារប្រកបដោយភាពច្នៃប្រឌិត

ភាពបត់បែន/ភាពរីករាយ៖ ចេះសម្របតាមបរិយាកាសនៃការផ្លាស់ប្តូរ ដោយរីករាយ

ការប្រឹងប្រែងធ្វើការ៖ ធ្វើលើសពីការកំណត់ដើម្បីបញ្ចប់ការងារ

គុណភាពការងារ និងផលិតផល៖ បង្កើតផលិតផល និងសេវាកម្ម ស្របតាមស្តង់ដារប្រោន។

ទាំងថ្នាក់ដឹកនាំ ថ្នាក់ក្រោមបង្គាប់ និងអ្នកគាំទ្រ ពោលគឺ គ្រប់បុគ្គលិកទាំងអស់ត្រូវប្រកាន់នូវ គុណតម្លៃទាំង ៦ ព្រោះគុណតម្លៃនេះហើយ ដែលជាវប្បធម៌របស់ប្រោន បានធ្វើឲ្យភ្ញៀវ ក៏ដូចជាបុគ្គលិកមានអារម្មណ៍ថា ប្រោន ជាគ្រួសារដ៏កក់ក្តៅមួយផងដែរ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន ប្រោន មាន ១៤សាខា ដែលនៅភ្នំពេញមាន ១៣សាខា និងសៀមរាប មាន ១សាខា ហើយប្រោន ជ្រើសរើសតែបុគ្គលិកសញ្ជាតិខ្មែរ គឺដើម្បីផ្តល់ការងារដល់ជនជាតិខ្មែរ លើកចិត្តថាពួកគាត់អាចធ្វើបាន តែមិនមែនរើសអើងជនបរទេសនោះទេ៕

img_4122 14918937_10154655959068245_8342907438071810147_o 14917055_10154655958573245_269563616386413851_o 14908272_1452072824806248_3333065248554745138_n

រចនាសម្ព័ន្ធដឹកនាំបុគ្គលិករបស់ប្រោន

មតិយោបល់