ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសរឿងដាក់ទណ្ឌកម្មរបស់អន្តរជាតិ ហើយបដិសេធមិនធ្វើកិច្ចពិភាក្សាបញ្ហានុយក្លេអ៊ែរ…

កូរ៉េ: តាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានច្រានចោលលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយលើកទ្បើងថា ការដាក់ទណ្ឌកម្មថ្មីនេះ គឺជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការថ្កោលទោស និងបញ្ចប់ទាំងស្រុងនូវដំណោះស្រាយ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងដោយសហរដ្ឋអាមេរិក និងកងកម្លាំងសត្រូវ បន្ទាប់ពីកូរ៉េខាងជើងមើលឃើញថា វាជាការបំពានយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពរបស់ខ្លួន»។

សេចក្ដីថ្លែងការណ៍ដដែរ បានបន្ថែមថា « ដរាបណាការគំរាមកំហែងអាវុធនុយក្លេអ៊ែរ រួមទាំងការប្រឆាំងសាធារណរដ្ឋខ្លួន នៅតែមានពីសំណាក់អាមេរិកនោះ ក្រុងព្យុងយ៉ាង នឹងមិនធ្វើកិច្ចពិភាក្សាជាដាច់ខាត ជុំវិញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរឡើយ ដោយអះអាងថា រដ្ឋាភិបាលនឹងមិនបោះបង់ផ្លូវ ដែលខ្លួនបានជ្រើសរើសរួចហើយនោះទេ ជាមួយនឹងការពង្រឹងសក្ដានុពលអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្តទៀត។

គួរបញ្ជាក់ដែលថា កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសជាឯកច្ឆ័ន្ទ ចំពោះការដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ដើម្បីហាមឃាត់ការនាំចេញធ្យូងថ្ម ដែក រ៉ែដែក សំណ រ៉ែសំណ គ្រឿងសមុទ្ររបស់កូរ៉េខាងជើង ទៅកាន់បណ្ដាលប្រទេសនានា ក្នុងនោះរួមទាំងការហាមឃាត់ចំពោះការ បណ្តាក់ទុនរួមគ្នា និងការវិនិយោគថ្មីៗ នៅក្រៅប្រទេសជាមួយរបបមួយនេះ នាពេលបច្ចុប្បន្នផងដែរ៕

មតិយោបល់