ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២ ឧសភា ផលិតកររឿង ” ប៉ុបពី ទៅហូលីវូដ ” បានសម្រេចដាក់បញ្ចាំងរឿងនេះ ដោយឥតគិតថ្លៃ នៅរោងភាពយន្តទំនើប ស្ថិតនៅលើផ្សារទំនើប សូរិយា។
យ៉ាងណាក៏ដោយ អ្នកដែលមានឱកាស ទទួលសំបុត្រចូលទស្សនា សម្រាប់ការដាក់បញ្ចាំងនោះ គឺភាគច្រើន ជាអ្នកគាំទ្រ ដែលក្រុមផលិតកម្ម ជ្រើសចេញពី ហ្វេសប៊ុក ជាតារាសិល្បៈ និងក្រុមផលិតករ ដូចជាអ្នកនិពន្ធ នៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ។
អ្នករៀបចំកម្មវិធី បានអះអាងថា ការពិតរឿង ” ប៉ុបពីទៅហូលីវូដ ” ត្រូវដាក់បញ្ចាំងផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ក្នុងឆ្នាំ២០១៦នេះ នោះទេ។ ប៉ុន្តែដោយសារតែចង់លើកទឹកចិត្ត ដល់អ្នកគាំទ្រ ឲ្យបានទស្សនា ជាមុន ទើបក្រុមការងារ សម្រេចដាក់បញ្ចាំង មុនកំណត់ ដោយជ្រើសយកការបញ្ចាំង នៅល្ងាចថ្ងៃច័ន្ទ ម្សិលមិញ ដោយមិនមានការលក់សំបុត្រ អ្វីទាំងអស់ ដើម្បីឲ្យភ្ញៀវទាំងនោះ បានទស្សនាមុន និងមានឱកាស បានស្វែងយល់ពីស្នាដៃ នៅក្នុងរឿងកម្រិតអន្តរជាតិ មួយនេះ។
មន្ត្រីដដែល បញ្ជាក់ថា ភ្ញៀវកិត្តិយស ជាពិសេស យុវវ័យ ប្រមាណ ១២៤នាក់ បានចូលទស្សនារឿង ” ប៉ុបពី ទៅហូលីវូដ ” កាលពីថ្ងៃម្សិលមិញ ដោយក្នុងនោះ ក៏មានអ្នកសារព័ត៌មាន និងផលិតករ ជាជនបរទេស ផងដែរ។
គួរបញ្ជាក់ផងដែរថា រឿង ” ប៉ុបពី ទៅហូលីវូដ ” គឺជារឿងកម្រិតអន្តរជាតិថ្មី នៅក្នុងវិស័យភាពយន្តខ្មែរ ដែលបានផលិតដោយ ផលិតករខ្មែរ សហការជាមួយ ជនបរទេស និងជារឿងទី១ ដែលបង្ហាញពីស្នេហា បើកចំហរ រវាងប្រុសស្រឡាញ់ប្រុស និងស្រីស្រឡាញ់ស្រី ដើម្បីលើកស្ទួយ នូវសិទ្ធិរបស់ក្រុមភេទទី៣។
រឿងនេះ ត្រូវបានប្រទេសចំនួន ៥ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងទីម័រខាងកើត បញ្ចាំងព្រមគ្នា ជាមួយកម្ពុជា នៅអំឡុង ខែឧសភា នេះ។ រឿងនេះ ត្រូវបានរំពឹងខ្លាំងថា ជោគជ័យ ដោយសារតែសាច់រឿងល្អ ហើយការផលិត មានកម្រិតស្ដង់ដារ។ ជាក់ស្ដែង ក្រុមអ្នកគាំទ្រ ដែលបានទៅទស្សនារឿងនេះ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី០២ ឧសភា សុទ្ធតែកោតសរសើរថា ជារឿងល្អ មិនសមជាស្នាដៃរបស់កូនខ្មែរ៕
មតិយោបល់