ព័ត៌មានសិល្បៈ និងកម្សាន្ត

ជេមជីរ៉ាយុ ច្រៀងបទក្មេងខ្មែរ កក្រើកកោះពេជ្រ

ការប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់តារាសម្ដែងថៃលោកជេមជីរ៉ាយុ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារតែលោកក្រោយពីបានបកស្រាយបទរបស់ខ្លួនជាច្រើនបទធ្វើអោយអ្នកគាំទ្រលោតកញ្ជ្រោលហើយ ក៏បានបកស្រាយបទ«បុណ្យភូមិ»ដែលជាបទOriginal របស់ក្មេងខ្មែរ ធ្វើអោយកក្រើកកោះពេជ្រនាយប់នោះតែម្ដង។
នេះជាលើកទី១ ដែលការប្រគំតន្ត្រីរបស់តារាបរទេស ហើយត្រូវអ្នករៀបចំកម្មវិធីតម្រូវអោយតារាល្បីម្នាក់នោះច្រៀងបទល្បីរបស់ខ្មែរ ដោយបទទាំងនោះតម្រូវអោយលោករាំបទញីកែងជើង ដែលជាចង្វាក់រាំដ៏ល្បីល្បាញរបស់ខ្មែរនោះផង។

ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រនោះ ត្រូវគេអះអាងថាមានមនុស្សទិញសំបុត្រចូលទស្សនាប្រមាណជាជិត២ពាន់នាក់ ដោយការប្រគំតន្ត្រីទាំងមូលគឺ លោកជេមជីរ៉ាយុ ត្រូវបានអ្នករៀបចំកម្មវិធីរៀបអោយច្រៀងផង លេងហ្គេមជាមួយអ្នកគាំទ្រផង និងរាំញីកែងជើងធ្វើអោយក្លាយជារសជាតិប្លែកផង។ ជាក់ស្ដែងនៅពេលលោកជេមជីរ៉ាយុ និងក្រុមក្មេងខ្មែរបានច្រៀងរួមគ្នាក្នុងបទ«បុណ្យភូមិ»គឺអ្នកគាំទ្រណាម្នាក់ ក៏ហ៊ោកញ្ជ្រៀវនោះដែរនៅពេលតារាថៃងាកមកច្រៀងបទខ្មែរ ហើយជាបទដែលខ្មែរធ្វើផ្ទាល់ដៃនោះ។

លោកសុជាតិ និងពន្លឺ ដែលជាតួអង្គសំខាន់ក្នុងក្រុមក្មេងខ្មែរ បានកោតសរសើរតារាចម្រៀងថៃលោកជេមជីរ៉ាយុ ដែលចាប់អារម្មណ៍ច្រៀងបទ«បុណ្យភូមិ»របស់ខ្លួនលើឆាកតន្ត្រី។ ការបកស្រាយបទខ្មែររបស់តារាថៃនាពេលនេះ មិនខុសពីការពង្រីកប្រជាប្រិយស្នាដៃបទចម្រៀងរបស់ខ្មែរអោយជនបរទេសជាពិសេសគឺជនជាតិថៃបានដឹងថាវិស័យចម្រៀងខ្មែរមានការរីកចំរើនរហូតបទនិពន្ធរបស់ខ្លួនបានក្លាយជាបទល្បី និងត្រូវបានតារាថៃជ្រើសមកច្រៀងជាសាធារណៈ។ អ្នកគាំទ្រយើងច្រើនកុះករបានសរសើរចំពោះវេទិកានោះ ដែលតម្រូវអោយតារាថៃច្រៀងបទខ្មែរ ខណៈដែលបទចម្រៀងច្រើនបទរបស់ក្រុមក្មេងខ្មែរក៏ទទួលបានភាពលេចធ្លោមិនចាញ់វត្តមានតារាសម្ដែងលោកជេមជីរ៉ាយុនោះទេ បើទោះជាព្រឹត្តិការណ៍នោះគឺតារាថៃជាតួឯក។ គំនិតច្នៃប្រឌិតរបស់អ្នករៀបចំកម្មវិធីត្រូវបានគេមើលឃើញថាលើកកម្ពស់វិស័យចម្រៀងខ្មែរខុសពីការប្រគំតន្ត្រីដែលមានតារាបរទេសបង្ហាញខ្លួនមុនៗ៕

មតិយោបល់