ក្នុងចំណោមតារាសម្ដែង និងជាតារាចម្រៀងថៃល្បីឈ្មោះ គេកត់សម្គាល់ថាតួឯកស្រីក្នុងរឿងភាគថៃល្បីៗជាច្រើននាងផេនខេក បង្ហាញខ្លួនមកច្រៀងរាំនៅក្នុងប្រទេសកម្ពុជាញឹកញាប់ជាងគេ ជួនកាលនាងមកក្នុង២ម្ដងក៏មានដែរបើធៀបតារាថៃផ្សេងទៀត។
សាមីខ្លួនរូបនេះបានអះអាងថាក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ាន នាងបានចុះមកកម្ពុជាច្រើនជាងគេ។
ក្នុងបទសម្ភាសន៍ដោយផ្ទាល់នៅហាងស្លឹកឈូករបស់អ្នកនាងយុគ ចិន្តា តារាថៃផេនខេកប្រាប់ថា ប្រហែលជាលើកទី៥ ឬទី៦ដែលនាងបានចុះមកកាន់ប្រទេសកម្ពុជា ដោយដំណើររបស់នាងគឺសុទ្ធតែជាដំណើរអញ្ជើញឲ្យចុះមកច្រៀងទាំងអស់ ដោយមិនរាប់បញ្ចូលការដើរកម្សាន្តជាលក្ខណៈឯកជននោះផង។ នាងថាកម្ពុជាមានភាពទាក់ទាញ និងមានអ្នកគាំទ្រស្រឡាញ់ចូលចិត្តនាងច្រើន ទើបជំរុញឲ្យនាងចុះមកច្រៀងនៅកម្ពុជាម្ដងហើយម្ដងទៀត បើធៀបនឹងនៅប្រទេសដទៃ។ ក្រៅពីកម្ពុជា គឺមានតែឡាវប៉ុណ្ណោះដែលនាងបានចេញទៅច្រៀងបានច្រើន តែតិចជើងជាងនេះប៉ុណ្ណោះ។
នាងថាខ្លួនមកច្រៀងនៅកម្ពុជារួមមានកម្មវិធីធំៗផ្លូវការ កម្មវិធីមកច្រៀងនៅក្លិបរាត្រី និងកម្មវិធីសប្បុរសធម៌បានម្ដង ចាប់តាំងពីនាងទទួលច្រៀងនៅកម្ពុជា ក្រោយពីក្លាយជាតារាសម្ដែង និងជាតារាចម្រៀងប្រចាំនៅប្រទេសថៃ។ នាងថាខ្លួននឹងមានគម្រោងបើកជំនួញនៅប្រទេសកម្ពុជាបន្ថែមទៀត ក្រោយពីកត់សម្គាល់ឃើញថាប្រទេសកម្ពុជាក្រៅពីមានវិស័យសិល្បៈរីកចំរើន ក៏មានទីផ្សារអំណោយផលសម្រាប់មុខជំនួញរបស់ខ្លួន។
ផេនខេក បញ្ជាក់ថាជំនួញដំបូងដែលនាងនឹងនាំមកវាយលុកទីផ្សារនៅកម្ពុជាដំបូងគេ គឺនាំខ្ទះឆាសុខភាពមួយប្រភេទមិនប្រើខ្លាញ់ មិនប្រើប្រេងឆា ដែលម្ដាយរបស់នាងបានបោះទុននាំចូលផ្ដាច់មុខពីប្រទេសកូរ៉េលក់ក្នុងប្រទេសថៃ យកមកលក់នៅទីផ្សារនៅកម្ពុជានាពេលដ៏ខ្លី។ នាងថាជំនួញរបស់នាងមានការពេញនិយមនៅប្រទេសថៃ ហើយក៏មានការំពឹងថានឹងជោគជ័យនៅកម្ពុជាផងដែរ ទើបនាងនាំមកលក់តាមគោលការណ៍ជំនួញស្របច្បាប់ក្រោយពីបានសម្រេចធ្វើពិធីប្រូម៉ូតក្នុងឱកាសមកសម្ដែងលើកនេះ។
ខាងក្រោមនេះជាវីដេអូសម្ភាសន៍ដោយផ្ទាល់ ដែលផេនខេក បានលើកឡើង ដោយមានអ្នកនាងយុគ ចិន្តា ជាអ្នកសម្របសម្រួល៖
https://www.youtube.com/watch?v=Dr_fJcczkig&feature=youtu.be
មតិយោបល់