មិនមែនជាលើកទី១នោះទេ ដែលមានដំណឹងថាផលិតករក្រឡុកតួសម្ដែង ដូចជាហៅថតហើយមិនឲ្យលុយ ឬបើកលុយតាមរបៀបបណ្ដាក់ដូចខ្យងក្ដក់ ដោយគ្រាន់តែមិនមានតារាណាម្នាក់ហ៊ានចេញមុខបើកទម្លាយ។
ទំនងជាឆ្អែតចិត្តនឹងស្ថានភាពនេះខ្លាំង ទើបគេឃើញតារាសម្ដែងលោកឃីម រតនៈ សរសេរបង្ហោះជាសាធារណៈ បើទោះជាលោកបដិសេធមិនធ្វើការបង្ហើបថាផលិតករណាខ្លះ ឬផលិកម្មណាមួយដែលបានលេងបីសន្លឹកបែបនេះជាមួយលោក។
តារាសម្ដែងដែលគេស្គាល់ច្រើនតាមរយៈតំណែងជាតួបងធំ និងជាប្រភេទទី៣រូបនេះ និយាយថា តាំងពីលោកប្រឡូកការងារជាតួសម្ដែង លោកបានប្រទះឆ្អែតហើយជាមួយនឹងប្រភេទផលិតករ និងអ្នកចាត់ការតួ ដែលធ្វើបាបតួ ដោយរូបលោកគឺជាជនដែលរងគ្រោះស្រាប់។
លោកឃីម រតនៈ និយាយថាផលិតករមួយចំនួនគឺទោះជាលោកបានសម្ដែងឡើងចាស់វស្សាទៅហើយ ក៏នៅតែឲ្យថ្លៃដូចគ្នានឹងពេលចូលថតដំបូងនោះដែរ ដោយលុយដែលត្រូវទទួលពីការថតនោះក៏បានជំពាក់លោក ហើយពេលទារសួរ ក៏ទៅជាខឹង និងលែងហៅថតក៏មាន។ លោកថារាល់ថ្ងៃលោកទទួលបានតម្លៃថតច្រើនជាង៤០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែផលិតករដែលសុំឲ្យលោកជួយគឺលោកនៅតែថតក្នុងតម្លៃយោគយល់ត្រឹមមួយថ្ងៃ២៥ ទៅ៣០ដុល្លារ ប៉ុន្តែនៅតែមិនបើកលុយឲ្យស្រួលទៀត។
លោកនិយាយថា«រាល់ថ្ងៃផលិតកម្មធំៗដូចជាLD ជាដើម គាត់ឲ្យយើង៥០(ដុល្លារ)អត់មានតអីមួយម៉ាត់ទេ ហើយលុយក៏បើកឲ្យស្រួលដែរ ប៉ុន្តែសម្រាប់ផលិតកម្មខ្លះនៅតែឲ្យយើងជួយៗ(ថត)ហើយ អត់បើកលុយឲ្យយើងទៀត!»។
លោកថាផលិតករខ្លះមានទម្លាប់ជំពាក់លុយតែម្ដង ដោយទាល់តែថតរឿងថ្មីបានបើកថ្លៃរឿងចាស់ ហើយបើតួសួរច្រើនគឺធីបចោលលែងហៅថតតែម្ដង។
អ្វីដែលលោកតូចចិត្តគឺថ្មីៗនេះ មានផលិតកម្មមួយបានឲ្យជួយរកតួមកថតឲ្យដោយព្រមព្រៀងឲ្យតម្លៃប៉ុណ្ណេះប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនៅពេលថតចប់គឺធ្វើមិនដឹង ហើយបង្ខំឲ្យលោកជាអ្នកចេញលុយឲ្យតួទាំងនោះទាំងនោះវិញ ដោយសារតែលោកមិនចង់ឲ្យតួទាំងនោះមើលងាយ និងមិនចង់ឲ្យតួដែលលោកហៅថតខលទាលុយដដែលៗ។
លោកនិយាយថា«ក្នុងសិល្បៈរាល់ថ្ងៃ នៅតែមានផលិតកម្មក្រឡុកតួ ខ្ញុំមានរឿងឆ្អែតចិត្តច្រើនពីរឿងលុយកាក់ហ្នឹង ហើយខ្ញុំជឿថាមិនមែនតែខ្ញុំទេដែលជួបរឿងហ្នឹង គឺសឹងតែគ្រប់តួហ្នឹងដោយគ្រាន់តែតួល្បីខាងផលិតកម្មគាត់មិនសូវហ៊ាន ប៉ុ់ន្តែបើតួធម្មតាៗអត់មានថាអ្នកណាមិនធ្លាប់រឿងចឹងទេ!»។
នេះជាការទម្លាយចេញមួយយ៉ាងរសើបពាក់ព័ន្ធនឹងវិស័យសម្ដែងនៅក្នុងប្រទេសកម្ពុជាដោយមិនទាន់រាប់បញ្ចូលរឿងផលិតករតម្រូវឲ្យតួសម្ដែងដោះដូរខ្លួនប្រាណជាថ្នូរនឹងឱកាសបានសម្ដែងដូចអ្វីដែលគេលេចឮនោះផង។
យ៉ាងណាមិញ ទន្ទឹមនឹងការទម្លាយរបស់លោកឃីម រតនៈ គេក៏ធ្លាប់ឮក្រុមផលិតកររិះគន់រឿងតួគ្មានការទទួលខុសត្រូវ ដូចជាមកសម្ដែងយឺតម៉ោង ជួនកាលមិនមកតែម្ដងធ្វើឲ្យផលិតកម្មខាតបង់ និងរឿងតួក្រឡុកផលិតកម្មធ្វើឲ្យផលិតករឈឺក្បាលផងដែរ។
លោកឃីម រតនៈ និយាយចរឹកតួបែបនោះកើតឡើងតែសម្រាប់តារាល្បីមួយចំនួនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបលោក និងតារាសម្ដែងធម្មតាៗផ្សេងទៀត គឺមិនមានអ្នកហ៊ានធ្វើឫកពារបែបហ្នឹងនោះទេ ទើបលោកយល់ថាផលិតករមិនគួរធ្វើបាបតារាសម្ដែងនៅពីក្រោយការសម្ដែង។
គួរបញ្ជាក់ថាលោកឃីម រតនៈ គឺជាតារាសម្ដែងលេចធ្លោគួរសមក្នុងរឿង«ម្ទេសហិលអំបិលប្រៃ» រឿង«ជីវិតកូនអ្នកនេសាទ» រឿង«កំពូលល្បិចខិល» រឿង«ទេពធីតាម៉ានីកាំង» រឿង«បន្ទោងខ្សែរកពេជ្រ» រឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» និងរឿង«លួចស្នេហ៍អ្នកគ្រូក្រមុំ»ជាដើម។ លោកក៏មានស្នាដៃក្នុងចម្រៀងMV របស់ផលិតកម្មល្បីៗរាប់មិបអស់ផងដែរ ទើបជាការភ្ញាក់ផ្អើលដែលលោកត្រូវបានផលិតករមួយចំនួនស៊ីឡាក់ ពាក់ព័ន្ធនឹងរឿងគេចវេសលុយកាក់ ដែលធ្វើឲ្យមានការបែកធ្លាយរឿងអាស្រូវរបស់ក្រុមផលិតករជាសាធារណៈនាពេលនេះ៕
មតិយោបល់