តារាកំប្លែង នាយផ្លយ ប្រាប់ឲ្យ Post News ដឹងថា បច្ចុប្បន្ននេះជីវភាពគ្រួសាររបស់លោក កំពុងជួបនូវបញ្ហាខ្វះខាត ដោយសារតែ អាជីពសិល្បៈមិនលូតលាស់ទៅមុខ និងមិនសូវមានអ្នកហៅថត។
ថ្លែងយ៉ាងដូច្នោះក្នុងពិធីទទួលអំណោយពីលោក ធី ឬទ្ធសី នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នាយផ្លយ បានសម្តែងនូវអារម្មណ៍ថ្ងូរដូចព្រាប តែម្តង ចំពោះជីវភាពរាល់ថ្ងៃ ដូចខ្វះមុខខ្វះក្រោយ ខណៈដែលលោកជាបង្គោលគ្រួសារ ត្រូវចិញ្ចឹមកូនៗ ឲ្យរៀនសូត្រ និងប្រពន្ធមានបញ្ហាជំងឺ ផងដែរនោះ ។
នាយផ្លយ ថា«រាល់ថ្ងៃនេះខ្ញុំរំពឹងលើ ការហៅច្រៀង និងលេងតាមរោងការ មួយរោងពីរោងតែប៉ុណ្ណោះ ហើយតាមទូរទស្សន៍វិញ ស្ងាត់តែម្តងមិនសូវមានអ្នកហៅ ដោយខ្ញុំកំពុងខ្វះខាតខ្លាំងណាស់» ។ តារាកំប្លែង ដែលតែងតែ ធ្វើឲ្យទស្សនិកផ្ទុះសំណើចមិនចេះចប់នោះ បានបន្តថា អ្វីដែលធ្វើលោកព្រួយបារម្ភបំផុត នោះគឺគ្មានលុយមើលថែប្រពន្ធ ដែលកំពុងឈឺ ជំងឺ លើសឈាម និង រោគបេះដូង ចឹងហើយសូមឲ្យបណ្តាលផលិតករ ហៅលោកថតឲ្យបានច្រើនផង គ្រាន់នឹងយក លុយទាំងនោះ មកផ្គត់ផ្គង់គ្រួសារ ៕
មតិយោបល់