ព័ត៌មានសិល្បៈ និងកម្សាន្ត

វិស្វករយន្តហោះ ប្រកាសថតរឿងចម្លែក២នៅកម្ពុជា

កាលពីល្ងាចថ្ងៃទី២១ មករា លោក នាង សុប៊ុន ម្ចាស់ផលិតកម្មក្រៅស្រុក ដែលអះអាងថាជាអ្នកជំនាញសាងសង់យន្តហោះច្រើនឆ្នាំ នៅលើទឹកដីអាមេរិក បានប្រកាសបោះទុនខ្ទង់សែនដុល្លារផលិតរឿង២ ដែលចំណងជើង និងសាច់រឿងរបស់លោកត្រូវគេចាត់ទុកថាចម្លែក និងមានការចាប់អារម្មណ៍តែម្ដងគ្រាន់តែបានស្ដាប់ត្រួសៗ។ ខ្សែរឿងទាំងពីរក៏ត្រូវផលិតកររូបនេះ បញ្ជាក់ថានឹងធ្វើអោយមានស្ដង់ដារយកទៅប្រកួតប្រជែងនៅអន្តរជាតិ ដោយរំពឹងថានឹងជោគជ័យជាងគេនៅទីផ្សារកម្ពុជា និងអាមេរិកនោះផង។

លោកនាង សុប៊ុន បានអះអាងថា ការពិតលោកគឺជាអ្នកជំនាញខាងវិស្វករ យន្តហោះនៅក្រៅប្រទេសនោះទេ ប៉ុន្តែដោយសារតែលោកមើលឃើញពី ទម្រង់របស់ភាពយន្តខ្មែរនៅមានកម្រិត និងចង់លើកស្ទួយ ទើបលោកសម្រេចចិត្តបោះទុនយកអ្នកជំនាញខាងកុននៅអាមេរិក ដើម្បីផលិតរឿង២ពាក់ព័ន្ធនឹងរឿងព្រេងនិទាន២របស់ខ្មែរ។ លោកថាខ្សែរឿងរបស់លោកជារឿងមានលក្ខណៈចម្លែកពីតថភាពក្នុងសង្គម ដោយសូម្បីតែសាច់តែរឿងក៏លោកប្រកាសប្លែក ត្រចៀកប្លែកភ្នែក សម្រាប់អ្នកទស្សនានោះផងដែរ។ ស្នាដៃទាំងពីរលោកថាជារឿង ដែលនិពន្ធដោយផ្ទាល់ដៃ ហើយមានអ្នកជំនាញត្រួតពិនិត្យម៉ត់ចត់ ទើបលោកប្រកាសថារឿងដែលមានសាច់រឿងចម្លែករបស់លោកទាំងពីរ នឹងជោគជ័យលើទីផ្សារ។ ខ្សែរឿងទាំង២នោះគឺរឿង«កូនក្រកខ្មៅ» ដែលនិយាយពីកូនភ្លោះ២នាក់ ដែលម្នាក់ជាពស់កាចសាហាវ និងម្នាក់ជាមនុស្សធម្មតា និងរឿង«កូនទិព្វសូដាច័ន្ទឆ្លងភព»ដែលនិយាយពីការឆ្លងភពរបស់មនុស្សក្នុងរឿងនិទានមួយ មកកាន់សម័យទំនើប។ លោកថាខ្សែរឿង«កូនក្រកខ្មៅ» នឹងដំណើរការចេញថតនៅអំឡុងខែ៤ ដោយសាច់រឿងទាំងស្រុង សំដៅទៅលើកូនភ្លោះម្នាក់ ដែលជាបុរសសុភាពរាបសារ ត្រូវរកមធ្យោបាយកំចាត់បងប្អូនភ្លោះខ្លួនឯង ដែលជាពស់កាចសាហាវសង្គ្រោះមនុស្សលោក និងជារឿងលោកនិយាយថា ចម្លែកពីបាកថតដោយសារតែត្រូវប្រើបច្ចេកទេស ហោះហើរខុសពីរឿងផ្សេងៗ។ រឿងនេះត្រូវបានជម្រើសរើសតារាសម្ដែងរួចហើយ ដោយរង់ចាំតែអ្នកជំនាញពីអាមេរិក និងកាម៉េរាទំនើបទម្លាក់ចុះមកនឹងចេញតែម្ដង។ លោកថារឿងនេះគ្រោងបញ្ចាំងខែភ្ជុំ ដោយក្រោយដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា គឺត្រូវវាយលុកទីផ្សារអាមេរិក។

ផលិតករដែលអះអាងថាជាវិស្វករធ្វើយន្តហោះតែមានចំណូលចិត្តលើកស្ទួយសិល្បៈរូបនេះ បន្តថា ចំពោះរឿង«ទិព្វសូដាច័ន្ទឆ្លងភព» លោកថាជារឿងចម្លែកមួយដែរ ដែលនិយាយពីដំណើរជីវិតរបស់កូនទិព្វសូដាច័ន្ទនៅ៩១៨ឆ្នាំក្រោយ ហើយបានវង្វេងភពមកដល់ភ្នំពេញ ដែលជាសម័យស៊ីវិល័យ។ លោកថារឿងនេះមិនត្រឹមតែចម្លែកនោះទេ តែក៏មានឈុតឆាកកំប្លែងច្រើនដែរ ទើបភាពជោគជ័យលោកជឿជាក់ច្រើន ក្រោយពេលថតចប់។ រឿងនេះគ្រោងថតបន្ទាប់ពីរឿង «កូនក្រកខ្មៅ» ហើយបញ្ចាំងនៅថ្ងៃចូលឆ្នាំសកល ក្នុងឆ្នាំ២០១៨នៅលើទីផ្សារកម្ពុជា និងអាមេរិកបន្តបន្ទាប់។

នៅក្នុងពិធីប្រកាសបោះទុននោះ លោកនាង សុប៊ុន បានបង្ហាញតួអង្គសំខាន់ៗក្នុងរឿង«កូនក្រកខ្មៅ» ដែលត្រូវថតមុន ដោយក្នុងចំណោមនោះ ក៏មានតួអង្គសត្វពស់ដែលត្រូវពាក់ស្រោមពស់គួរអោយខ្លាច និងចាប់អារម្មណ៍។

មតិយោបល់