ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកចម្រៀងពិការៗ១០០នាក់ បានជំនួយពីតារាសិល្បៈ

ក្នុងពិធីចែកអំណោយដល់តារាចម្រៀងនៅតាមភ្លើងស្ដុបជាជនពិការភ្នែក និងអវយវៈជំនួន១០០នាក់នៅវត្តនាគវន្ត ជនពិការដែលជាអ្នកចម្រៀងតាមភ្លើងស្ដុបទាំងនេះបានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង។ ក្រុមតារាចម្រៀងជាជនពិការភាគច្រើន ក៏បានទទូចឲ្យមានការយកចិត្តទុកដាក់ចំពោះខ្លួនបន្តទៀត ដើម្បីបន្តផ្ដល់ក្ដីសង្ឃឹមដល់ពួកខ្លួននោះផង។

លោកសន វិជ្ជបុត្រ អតីតតារាចម្រៀងប្រចាំផលិតកម្ម M ដែលបានដឹកនាំតារាសិល្បៈជាង១០រូបចុះចែកអំណោយកាលពីព្រឹកថ្ងៃទី៤ ធ្នូ នោះ បានអះអាងថាលោកពិតជាមានអារម្មណ៍រំភើបក្នុងពេលតារាចម្រៀងជាជនពិការទទួលបានអំណោយពីខ្លួន និងក្រុមតារាចម្រៀង។ លោកថាខ្លួនបានដឹកនាំតារាសិល្បៈចុះធ្វើសកម្មភាពសប្បុរសធម៌បែបនេះច្រើនលើកមកហើយ ប៉ុន្តែបើឲ្យប្រៀបធៀបពីអារម្មណ៍ក្នុងពិធីចែកអំណោយលើកនេះ គឺក្ដុកក្ដួលជាង ដោយសារតែតារាចម្រៀងជាជនពិការទាំងអស់ គឺម្នាក់ៗត្រេកអរ និងសប្បាយរីករាយ បើទោះជាពួកជាលោកបានផ្ដល់អំណោយឲ្យមិនច្រើន។

លោកថាពិធីដែលបានធ្វើឡើងនោះ មិនមែនជាថវិកាសុទ្ធសាធរបស់លោកនោះទេ គឺមានការរួមចំណែកពីតារាសិល្បៈទាំងអស់ ដែលរួមមានកញ្ញាថាច់ ផល្លា ដែលគេស្គាល់ថាជាអតីតសង្សារលោកប៉ែន ចំរ៉ុង កញ្ញាអេមី កញ្ញាអែណា តារាចម្រៀងM លោក វឌ្ឍនៈពិធីករប៉ុស្ដិ៍លេខ៥ លោកថៃ ប៊ុននាង មកពីផលិតកម្មចក្រវាទ្ប លោកគន់ រៀមរតនៈ និងតារាៗដែលបានចូលរួមគ្រប់គ្នាទាំងអស់ ទើបអាចប្រមូលគ្នាបានជាង២០០០ដុល្លារ ដើម្បីទិញជាអង្ករ មី ក្រមា និងគ្រឿងឧបភោជន៍បរិភោគយកមកចែកជូនដល់ជនពិការជាតារាចម្រៀងនៅតាមភ្លើងស្ដុបចំនួន១០០នាក់នេះ។

តបតាមការទទូចរបស់ជនពិការដែលចង់ឲ្យមានការយកចិត្តទុកដាក់ពីតារាសិល្បៈបែបនេះបន្តថា លោកសន វិជ្ជបុត្រ ដែលគេស្គាល់ថាមានសកម្មភាពច្រើនក្នុងគម្រោងសប្បុរសធម៌បានអះអាងថាខ្លួននឹងប្រមូលតារាសិល្បៈធ្វើសកម្មភាពជាប្រយោជន៍ដល់ជនពិការទាំងនោះទៀត បើទោះនៅក្នុងពេលនេះលោកមិនទាន់ច្បាស់ថាត្រូវធ្វើគម្រោងសប្បុរសធម៌ណាមួយនៅឡើយ។ លោកថានេះជាការយកចិត្តទុកដាក់ធំមួយចំពោះតារាៗជាអ្នកចម្រៀងពិការ ខណៈដែលលោកទទូចកុំឲ្យមានការរើសអើងចំពោះពួកគេ៕
starkhmer-35
starkhmer-1

starkhmer-2starkhmer-3starkhmer-4starkhmer-5starkhmer-6starkhmer-7starkhmer-8starkhmer-9starkhmer-10starkhmer-11starkhmer-12starkhmer-13starkhmer-14starkhmer-15starkhmer-16starkhmer-17starkhmer-18starkhmer-19starkhmer-20starkhmer-21starkhmer-22starkhmer-23starkhmer-24starkhmer-25starkhmer-26starkhmer-27starkhmer-28starkhmer-29starkhmer-30starkhmer-31starkhmer-32starkhmer-33starkhmer-34

មតិយោបល់