ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្នាដៃរឿង«ធ្មប់» របស់ ហ៊ុយ យ៉ាឡេង ល្បីតាំងពីមុនបញ្ចាំង!

បន្ទាប់ពីបានទទួលជោគជ័យក្នុងរឿង«វិកលចរិត»លោកហ៊ុយ យ៉ាឡេង ដែលត្រូវដែលគេស្គាល់ថាជាផលិតករ និងជាអ្នកសម្ដែងក្នុងរឿងដោយផ្ទាល់ បានបញ្ចេញស្នាដៃរឿង«ធ្មប់»មួយទៀតភ្លាមៗ ដោយរឿងរបស់លោកនឹងត្រូវដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី២៥ មករា នេះហើយ។

ភាពយន្តដែលគ្រោងនឹងដាក់បញ្ចាំងនេះ ត្រូវគេមើលឃើញថានឹងមិនពិបាកឲ្យលោកទទួលបានការគាំទ្រខ្លាំងជាថ្មីនោះទេ បន្ទាប់ពីឈុតឆាកខ្លីដែលបានបង្ហោះឡើងស្ដីពីសាច់រឿងនេះ គឺមានអ្នកអន្ទះសារចង់ទិញសំបុត្រទស្សនាយ៉ាងច្រើនរួចទៅហើយ។

យោងតាម Trailer ដែលបានបង្ហោះ គឺរឿង «ធ្មប់» របស់លោក ហ៊ុយ យ៉ាឡេង ស្ថិតក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកលេងហ្វេសប៊ុកបានទាំងចាត់ទុកភាពយន្តមួយនេះ នឹងក្លាយជាភាពយន្តល្បីល្បាញបើកឆាកដើមឆ្នាំ២០១នោះផង។

នេះជាភាពយន្តដែលនិយាយពីរឿងរ៉ាងពាក់ព័ន្ធនឹងធ្មប់ ហើយនៅក្នុងឈុតឆាកដែលបានបង្ហាញនៅក្នុងភាពយន្តនេះ ក៏មើលទៅព្រឺព្រួច និងទាក់ចិត្តអ្នកចូលចិត្តទស្សនាភាពយន្តបែបរន្ធត់ និងភ័យខ្លាចមិនតិចនោះដែរ។ លោក ហ៊ុយ យ៉ាឡេង បានបង្ហោះនៅលើហ្វេសប៊ុកថា នេះជាភាពយន្តដែលលោកចំណាយពេលស្រាវជ្រាវ និងតែងនិពន្ធដោយលំបាក ហើយលោកក៏ទទូចឲ្យមានការគាំទ្រមិនឲ្យចាញ់ភាពយន្តរឿង«វិកលចរិត»ផងដែរ ដើម្បីឲ្យការប្រឹងប្រែងរបស់លោកមានការលើកទឹកចិត្តពីអ្នកគាំទ្រ។ លោកហាក់មានការរំពឹងយ៉ាងខ្លាំងថាភាពយន្តមួយនេះ នឹងជួយឲ្យលោកបំបែកបានទីផ្សារជាថ្មីម្ដងទៀត ដោយសារតែភាពយន្តរឿង«ធ្មប់»ដែលលោកសម្រិតសម្រាំងឡើង ក៏មានឈុតឆាកមិនធម្មតា ដែលគ្រាន់តែបានបញ្ចេញឈុតឆាកត្រួសៗក៏មានអ្នកចង់ទស្សនាបាត់ទៅហើយ តាំងពីមុនមិនទាន់បង្ហោះTrailer ជាផ្លូវការ។

នេះក៏ជាភាពយន្តខ្នាតធំ ដែលពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន បានសម្ដែងជាតួឯក បន្ទាប់ពីនាងឡើងកូដជាពិធីការិនីនៅទូរទស្សន៍បាយ័ន ហើយដកខ្លួនពីការសម្ដែងនោះផងដែរ ទើបភាពយន្តមួយនេះ កាន់តែមានការឥទ្ធិពលកន្ត្រាក់បានការចាប់អារម្មណ៍ពីអ្នកគាំទ្រថែមទៀត ដែលពិតជាធ្វើឲ្យលោកហ៊ុយ យ៉ាឡេង មិនពិបាកជោគជ័យ។ យ៉ាងណាមិញ គេមិនទាន់ដឹងថារឿង«ធ្មប់!»ដែលជាស្នាដៃរបស់លោក នឹងទទួលបានជោគជ័យកម្រិតណានៅឡើយទេ ក្នុងពេលដែលលោកក៏បានត្រឹមតែរំពឹង តែមិនទាន់អាចប៉ាន់ស្មានពីការពីទំហំទឹកប្រាក់ចំណេញនៅឡើយ។ លោកថាភាពយន្តរឿង«ធ្មប់» គឺជារឿងដែលលោកចំណាយការផលិតអស់ច្រើនជាងរឿងមុនៗ ហើយក្រៅពីបង្កប់ឈុតឆាកភ័យរន្ធត់ទាក់ភ្នែក លោកក៏បានប្រកាសថាជារឿងដែលមានគុណភាពអាចចូលទីផ្សារក្រៅប្រទេសផងដែរ។

ចង់ដឹងថាTrailer រឿង«ធ្មប់»មើលហើយគួរឲ្យខ្លាច និងទាក់ភ្នែកយ៉ាងណា តោះទស្សនាទាំងអស់គ្នា៖

មតិយោបល់