ភ្នំពេញៈ ក្រុមជនសង្ស័យប្លន់ម៉ូតូ ប្រដាប់ដោយអាវុធ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យ ធ្វើការបង្រ្កាបបាន កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ផ្លូវលេខ៦៧BT ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមចោរប្លន់ដែលសមត្ថកិច្ចបង្រ្កាបបានរួមមាន ១.ឈ្មោះ បូ លីណូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ ទី២.ឈ្មោះ លី ហេង ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ ទី៣.ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ ទី៤.ឈ្មោះ រ៉េន សិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ អ្នកទាំង៤នាក់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីធ្វើការបង្ក្រាប កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ៣គ្រឿង ទី១ ម៉ាក PCX ពណ៌ស ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX-0171 ទី២ម៉ាកហ្ស៊ូមមើអ៊ិច ពណ៌ក្រហមលាយស ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1763 និងទី៣ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-3527 ស្លាកលេខម៉ូតូ២ បន្ទះ (លេខ ភ្នំពេញ 1GA-8410 និងភ្នំពេញ FX-6765) និង មួកសុវត្ថិភាព២ (ពណ៌សលាយក្រហម១ និងពណ៌ខៀវ១) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕






មតិយោបល់