ព័ត៌មានសិល្បៈ និងកម្សាន្ត

យក់ ឋិតរដ្ឋា ប្រកាសOriginal Song នៅហង្សមាស

បន្ទាប់ពីទទួលបានផ្លែផ្កាស្ដួចស្ដើងពី Solo Album ដែលបានចេញលក់ ពេលនេះតារាចម្រៀងអ្នកនាងយក់ ឋិតរដ្ឋា បានប្រកាសថាអ្នកនាងនឹងត្រៀមបញ្ចេញបទOriginal ទៀតហើយ ដើម្បីវាយលុកទីផ្សារស្ងប់ស្ងាត់ក្នុងពិភពចម្រៀងឲ្យមានកម្រិតកម្រើកឡើង។ បទទាំងនោះត្រូវអ្នកនាង និងស្វាមីជឿជាក់ពីសន្ទុះជោគជ័យ បើទោះជាភាពជាក់ស្ដែងគឺមិនទាន់ដឹងថាតើមានភាព ទាក់ទាញកម្រិតណានៅឡើយ។

អ្នកនាងយក់ ឋិតរដ្ឋា បានប្រកាសនៅលើទូរទស្សន៍ហង្សមាសក្នុងកម្មវិធីបន្តផ្ទាល់កាលពីយប់ថ្ងៃទី៤ ធ្នូ ថាអ្នកនាងនឹងចេញបទថ្មីជាប្រភេទ Original Song ក្នុងពេលឆាប់ៗ ដោយបទទាំងនោះគឺអ្នកនាង និងក្រុមការងារបានសម្រិតសម្រាំងបទភ្លេង និងមានទំនុកច្រៀងល្អដែលធ្វើឲ្យអ្នកនាងទុកចិត្តពីកម្រិតប្រកួតប្រជែងនោះផង។ អ្នកនាងថាបទថ្មីដែលមិនចម្លងរបស់ខ្លួន មានច្រើនប្រភេទបទ ដោយស្ទីលច្រៀង និងការរំលេចMV ក៏នឹងធ្វើឲ្យមហាជនត្រូវចិត្តមិនខុសពីការរំពឹងផងដែរ។
លោកឃុំ ប៉ុណ្ណាដែត ជាស្វាមីតារារូបនេះ បានអះអាងថាបទOriginal របស់អ្នកនាង គឺ មាន២បទទៅហើយដែលលោកបានបង្ហោះនៅក្នុងYoutube ហើយមានការចាប់អារម្មណ៍។

ប៉ុន្តែលោកមិនទាន់ច្បាស់ថាតើបទOriginal របស់យក់ ឋិតរដ្ឋា នឹងចេញលក់ផ្លូវការឲ្យច្បាស់នៅពេលណា និងមានប៉ុន្មានបទនោះទេ ដោយសារតែអ្នកនាងទើបតែចេញ Solo Album កាលពីកន្លះខែមុន ហើយបទនិពន្ធថ្មីរបស់អ្នកនាងក៏មានច្រើនបទ ដែលបានថតរួចនៅហង្សមាស។ លោកថាបទទាំងនោះនឹងសម្រាំងចេញតែបទដែលល្អៗប៉ុណ្ណោះ ទើបលោកក៏រំពឹងដូចគ្នាថាភរិយារបស់ខ្លួននឹងផ្ទុះជាមួយបទ Original មួយ ឬ២ក្នុងចំណោមបទដែលត្រៀមបង្ហាញខ្លួន។ ក្នុងនោះបទថ្មីដែលបានបង្ហោះស្ទាបស្ទង់ទីផ្សារ ក៏មិនទាន់ប្រាកដថាជាបទដែលត្រូវហង្សមាសដាក់ឲ្យចេញលក់នោះដែរ។ លោកថាបទOriginal របស់យក់ ឋិតរដ្ឋា នឹងអាចចេញលក់នៅចុងឆ្នាំ២០១៦ ឬអាចឈានដល់ដើមឆ្នាំ២០១៧ ដោយសារតែអ្នកនាងទើបតែចេញSolo Album ឬបទចម្រៀងមួយវ៉ុលម្នាក់ឯងកាលពី២សប្ដាហ៍មុន។ អ៊ីចឹងហើយទើប លោកថាភរិយារបស់ខ្លួនចេញមុខឡើងឆាកញឹកញាប់នាពេលចុងក្រោយដើម្បីប្រូម៉ូតបទដែលបានចេញលក់ថ្មីៗនោះផង និងដើម្បីពញាក់ទីផ្សារសម្រាប់បទOriginal របស់អ្នកនាងដែលបានប្រកាសត្រៀមបង្អួតនោះផង៕
yuck-titrotha-1

yuck-titrotha-2yuck-titrotha-3yuck-titrotha-4yuck-titrotha-5yuck-titrotha-6yuck-titrotha-7

មតិយោបល់