ក្រោយពីមានទីផ្សារឡើងកូដ តារាសម្ដែង និងជាតារាម៉ូដែល ដែលត្រូវគេស្គាល់តាមរយៈឈ្នះពានជាតារាសម្ដែងឆ្នើមប្រចាំកម្មវិធីស្ពានលេខ១១របស់លោកហ្វៃ សំអាង គឺលោក ឈួន ពន្លឺ ត្រូវគេកត់សម្គាល់មានទាំងរឿងមិនល្អ និងរឿល្អច្របល់គ្នានៅក្នុងពេលនេះ។
រឿងអាក្រក់ចុងក្រោយ ត្រូវបានទម្លាយថាមានការវាយតម្លៃថាលោកគឺជាតារាស្រឡាញ់ភេទដូចគ្នា និងរឿងវិជ្ជមានថ្មីស្រឡាង គឺការទទួលបានតំណែងយ៉ាងកាលីបព្រមគ្នាក្នុងរឿងភាគ«កូនពស់កេងកង»ដែលជាធំរបស់ហង្សមាស និងរឿង«នេះឬវាសនា» ដែលជារឿងធំដូចគ្នារបស់ប៉ុស្តិ៍លេខ៥ ក្រោមការដឹកនាំរបស់ផលិតករថៃ។
លោកឈួន ពន្លឺ និយាយថា ក្រោយពីបានស្ងប់ស្ងាត់ក្នុងរឿងបែកបាក់ជាមួយសង្សារចាស់ មានបុរសដូចគ្នាច្រើនឡើងបូករួមទាំងខាងផលិតករផង បានទាក់ទងក្នុងផ្លូវមិនល្អជាមួយលោក ដោយបានទាំងប៉ាន់ស្មានថាលោកគឺជាមនុស្សស្ថិតក្នុងជំពូកស្រឡាញ់ប្រុស ព្រោះតែលោកបានបង្ហោះរាងកាយ 6 Pack ជាសាធារណៈ។
លោកនិយាយថាមនុស្សជាច្រើនបានវាយតម្លៃថា ឲ្យតែតារា ឬ មនុស្សប្រុសដែលចូលចិត្តហាត់ប្រាណយក 6 pack គឺជាប្រភេទមនុស្សស្រឡាញ់ប្រុស ហើយបើទោះជាលោកប្រកាសប្រាប់ថា ខ្លួនមិនស្ថិតក្នុងការវាយតម្លៃនោះ ក៏នៅតែលោកលេងឫក។ លោកថាមនុស្សដែលព្យាយាមសេពគប់លោកដើម្បំបំណងមួយនោះ នឹងគ្មានលទ្ធផលនោះទេ ដោយសារលោកមិនមានចំណូលចិត្តទាល់តែសោះក្នុងការទំនាក់ទំនងជាមនុស្សប្រុសក្នុងន័យស្នេហា។ មកទល់ពេលនេះ កាន់តែមានជំពូកមនុស្សបែបនឹងទាក់ទងច្រើនឡើង ដោយអ្នកទាក់ទងជាមួយលោកមិនបានខច្រើនតែដើរសម្អុយថាលោកប្រហែលជាសង្សាររបស់ប្រុសនេះឬប្រុសនោះ ទើបមិនរវីរវល់ជាមួយសំណើរគេនោះផង។
លោកប្រកាសថា លោកស្រឡាញ់ស្រី ហើយលោកមិនអាចទៅក្នុងផ្លូវនោះបានទេ បើទោះជាលោកទទួលបានថ្នូរនឹងលាភសក្ការៈកម្រិតណា។ លោកសារភាពដោយត្រង់ថា បើទោះជាខូចចិត្តនឹងសង្សារស្រីក៏មិនអាចបង្វក់ឲ្យលោកចាប់អារម្មណ៍មនុស្សប្រុសបានដែរ តែលោកមិនស្អប់ខ្ពើមមនុស្សប្រុសស្រឡាញ់ប្រុសទេ ដោយគ្រាន់តែស្នើកុំឲ្យទាក់ទងលោកមិនបាន បន្តវាយតម្លៃថាឲ្យតែតារា 6 pack សុទ្ធតែជំពូកស្រឡាញ់ប្រុស។យ៉ាងណាក៏ដោយ លោកក៏មានការងារក្នុងវិស័យសិល្បៈធំៗចំនួន២លួងចិត្ត ក្នុងពេលដែលរឿងអាក្រក់ខាងលើប៉ះពាល់ផ្លូវចិត្តផងដែរ។
លោក ឈួន ពន្លឺ និយាយថា កន្លងមកលោកតែងមានក្ដីស្រម៉ៃចង់បង្ហាញមុខក្នុងភាពយន្តរបស់ហង្សមាស ហើយទីបំផុតលោកក៏ត្រូវបានជ្រើសជាតួអង្គមួយក្នុងរឿង«កូនពស់កេងកង» ដែលដឹកនាំដោយលោកហ្វៃ សំអាង ដែលមានតារាល្បីៗស្កេកស្កះបានសម្ដែង។ លោកថានៅក្នុងរឿងនេះលោកមិនមែនតួឯកនោះទេ ប៉ុន្តែត្រូវបានលោកហ្វៃ សំអាង ឲ្យសម្ដែងនៅពាក់កណ្ដាលរឿង និងត្រូវសម្ដែងជាតួអង្គរបស់សាហាយតួឯកស្រីម្នាក់ ដែលមានប្លង់លេងច្រើនគួរសម។
ដោយឡែកនៅប៉ុស្តិ៍លេខ៥ឯណោះវិញ លោកមិនដែលមានសំណាងបានសម្ដែងជាមួយផលិតករថៃនោះទេ ប៉ុន្តែកាលពីថ្ងៃទី១១ កក្កដា មុននេះ លោកត្រូវបានផលិតករថៃពេញចិត្តឲ្យសម្ដែងក្នុងរឿង«នេះឬជីវិត» ដោយលោកត្រូវបានគេជ្រើសឲ្យសម្ដែងជាស្វាមីម្នាក់របស់តួឯកស្រី ដែលខាងផលិតករតម្រូវឲ្យនាងមានប្ដីដល់ទៅជា១០រូប មិនខុសគ្នានឹងជីវិតនាងឡាំយ៉ង ក្នុងរឿងភាគថៃ។
លោកថាភាពយន្តទាំង២ត្រូវបានផ្ដល់ឱកាសឲ្យលោកក្នុងពេលស្របគ្នា ខណ:អាជីពពិធីករវិទ្យុរបស់លោកក៏កាន់តែធ្វើឲ្យលោកមានការទទួលស្គាល់។ យ៉ាងណាមិញ លោកឈួន ពន្លឺ បានអះអាងថាតាំងពីលោកទទួលបានតំណែងជាតារាឆ្នើមប្រចាំនៅទូរទស្សន៍អប្សរា នៅមិនទាន់មានផលិតករណាមួយផ្ដល់តំណែងឲ្យលោកបានសម្ដែងតួឯកនៅឡើយទេ៕
មតិយោបល់