មកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម E Nation លោក កែវ ពេជ្រករុណា ហៅភីជេន បានអះអាងថាមានបទចម្រៀងផ្ទាល់ខ្លួនប្រមាណច្រើនបទមកហើយ ដោយមានទាំងបទមនោសញ្ចេតនា និងបទបែបសប្បាយៗសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរខាងមុខនោះផង។ យ៉ាងណាមិញ ដោយសារតែបទដែលបានថតច្រៀងទាំងនោះនៅមិនទាន់ប្រកាសចេញ ទើបធ្វើអោយលោកស្ងប់ស្ងាត់ក្នុងអាជីពចម្រៀងដែលធ្លាប់រំពឹងទុក ហើយងាកទៅចាប់ការសម្ដែងយ៉ាងសស្រាក់សស្រាំជាជំនួសវិញ។
លោកកែវ ពេជ្រករុណា និយាយថាមកទល់ពេលនេះ លោកមិនទាន់មានឱកាសឡើងឆាក ឬទទួលភាពលេចធ្លោរក្នុងនាមជាតារាចម្រៀងដែលមានបទចម្រៀងជាប្រភេទ Original Song នៅឡើយទេ ដោយសាររវល់ជាមួយនឹងការសម្ដែងច្រើនជាង ជាពិសេសគឺការសម្ដែងភាពយន្ត។ ក្នុងនោះលោកក៏ទទួលតែភាពយន្តណាដែលតម្រូវអោយលោកសម្ដែងមិនប៉ះពាល់នឹងការងារជាប្រចាំរបស់ខ្លួនផងដែរ ទើបក្នុងពេលខ្លះក៏ឃើញលោកលេចមុខក្នុងការងារសិល្បៈ ហើយពេលខ្លះក៏ឃើញស្ងប់ស្ងាត់។ លោកថាការងារសិល្បៈ កាលពីដើមឡើយគឺលោកប្រឡូកតែការងារដើរម៉ូដ និងសម្ដែងប៉ុណ្ណោះ ប៉ុន្តែដោយសារតែបានកុងត្រាចូលច្រៀងក្រោយធ្វើតេស្ដជាមួយផលិតកម្ម E Nation ដែលជាផលិតកម្មបងប្អូនរបស់ C2Go នោះ ទើបលោកបោះបង់ការសម្ដែងមួយរយៈ ហើយរវល់តែរឿងហាត់ច្រៀង ហាត់រាំ និងសម្ងំថតចម្រៀងជាជំនួសវិញ។ យ៉ាងណាមិញ លោកថាដោយសារតែបទភាគច្រើននៅរង់ចាំតារាចម្រៀងផ្សេងទៀតថតច្រៀងអោយគ្រប់មួយវ៉ុលៗ សិនទើបបទទាំងនោះមិនទាន់ចេញលក់។ លោកអះអាងថាមកទល់ម៉ោងផលិតកម្មទាំងមូល ផលិតបានច្រើនវ៉ុលហើយ ប៉ុន្តែបណ្ដាលមកពីមិនទាន់ដាក់ថ្ងៃបើកសម្ពោធក្រុមហ៊ុន ទើបវ៉ុលចម្រៀងទាំងឡាយនៅផ្អិបជិតឈឹង ដែលនាំអោយលោកងាកទៅក្ដាប់ការសម្ដែងជាថ្មី។
លោក កែវ ពេជ្រករុណា ត្រូវគេឃើញឧស្សាហ៍ចាប់គូជាមួយតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដោយក្នុងពិធីមួយចំនួន ក៏ឃើញតារាទាំងពីរបង្ហាញមុខរួមគ្នាផងដែរ ដោយលោកបញ្ជាក់ថា គឹបណ្ដាលមកពីលោក និងនាងបានស្គាល់គ្នាជិតស្និទ្ធ តាំងពីនៅសម្ដែងជាមួយគ្នា។ លោកករុណា បញ្ជាក់ថា លោកចាប់ការសម្ដែងអោយបានជាប់លាប់ ហើយបើទោះជាលោកជោគជ័យអាជីពចម្រៀងក្រោយពេលបទចម្រៀងដែលបានថតច្រើនចេញវាយលុកទីផ្សារ ក៏លោកមិនចោលការសម្ដែងនោះដែរ ដោយសារតែការសម្ដែងគឺចំណូលចិត្ត៕
មតិយោបល់