មកទល់ពេលនេះមានការលើកឡើង កាន់តែច្រើនពីសំណាក់អ្នកបានចូលទស្សនារឿង«វិកលចរិត»ថា នេះជារឿងខ្មែរលើកដំបូង ដែលមានលក្ខណៈជាភាពយន្តភ័យរន្ធត់ និងមានគុណភាពយ៉ាងកម្រមិនខុសគ្នានឹងរឿងបរទេស។ យ៉ាងណាមិញ ផលិតកររឿងមួយនេះ បែរជាសារភាពថាខ្លួននឹងប្រឈមខាតដើម ដោយសារតែរឿងល្អមើល តែមានអ្នកចូលទស្សនាតិចតួចបំផុត នៅតាមបណ្ដារោងកុន ក្រោយពីរឿងនេះដំណើរដាក់បញ្ចាំង។
លោក ហ៊ុយ យ៉ាងឡេង ផលិតរឿង«វិកលចរិត» បានអះអាងថាខ្សែរឿងរបស់ខ្លួន ចាប់តាំងពីដាក់បញ្ចាំងក្នុងរឿងកាលពីថ្ងៃទី២ធ្នូ គឺមិនសូវមានអ្នកចូលទស្សនា ដូចរឿងរបស់លោកដែលបានផលិតមុនៗនោះទេ ដោយលោកបញ្ជាក់ថា រឿងនេះកំពុងធ្វើឲ្យផលិតកម្ម របស់លោកប្រឈមខាតធ្ងន់។ លោកថាដោយសារតែខ្លួនចង់ជម្នះមិនផលិតរឿងបែបកំប្លែង និងរឿងប្រភេទ ខ្មោច ហើយងាកទៅផលិតរឿងបែបរន្ធត់ ពាក់ព័ន្ធនឹងជីវិតរបស់ជនវិកលចរិត ទើបធ្វើឲ្យលោកខកចិត្តជាមួយនឹង បញ្ចេញស្នាដៃនេះ។ លោកសារភាពថាបណ្ដារោងខ្លះ សឹងមិនមានអ្នកទិញសំបុត្រចូលទស្សនា ក៏មានដែរ ដែលធ្វើឲ្យលោកមើលមិនឃើញដើមទុនមួយភាគធំ ដែលបានចំណាយក្នុងពេលផលិតនោះទេ។ លោកថាការបញ្ចេញស្នាដៃមួយនេះ ត្រូវបានទទួលស្គាល់ថា ជារសជាតិថ្មីនៅក្នុងវិស័យភាពយន្តខ្មែរ ប៉ុន្តែក៏ធ្វើឲ្យលោកមើលឃើញពីស្ថានភាពអាក្រក់ បើធៀបនឹងស្នាដៃមុនៗ ដែលលោកធ្លាប់ផលិត ដូចជារឿង«ខ្មោចដើមចេកជ្វារ» ដែលលោកបានជោគជ័យនោះផងដែរ។ យ៉ាងណាមិញ លោកថាជាមោទនភាព ដែលអ្នកបានចូលទស្សនាភាគច្រើន បានកោតសរសើរទឹកដៃក្នុងរឿងនេះ បើទោះជារឿងទាំងមូលហាក់កន្ទ្រាក់អ្នកទិញសំបុត្រ បានចំនួនតិចខុសពីការរំពឹង។ លោកបង្ហាញចេញនូវមោទនភាព បន្ទាប់ពីអ្នកទស្សនាខ្សែរឿង«វិកលចរិត»មួយចំនួនបានបង្ហោះអារម្មណ៍រំភើប និងកោតសរសើរនៅលើហ្វេសប៊ុក ដែលលោកយល់ថានោះជាការលើកទឹកចិត្តមួយដល់ខ្លួន។
មិនខុសពីការលើកឡើង របស់លោកហ៊ុយ យ៉ាងឡេង គេឃើញម្ចាស់គណនីឈ្មោះ សៀង សុវណ្ណជីវ័ន្ត បានបង្ហោះនៅលើហ្វេសប៊ុកថា នេះជារឿងទី១ដែលខ្លួនបានមើល ហើយកត់សម្គាល់ថាល្អមើលមិនខុសពីរឿងបរទេស។ លោកថាបានចូលទស្សនា២លើក ប៉ុន្តែលោកមានការភ្ញាក់ផ្អើល ក្នុងពេលដែលក្នុងរោងកុនគឺមានអ្នកទស្សនា មិនច្រើនសមនឹងគុណភាពរបស់រឿង«វិកលចរិត»។
ម្ចាស់គណនីឈ្មោះThach Ratha បានសរសេរបង្ហោះថារឿង«វិកលចរិត»គឺជារឿងទី២បន្ទាប់ពីរឿង«ដុំហ្វីលចុងក្រោយ» ដែលខ្លួនបានចូលទស្សនា ហើយអត់មានអារម្មណ៍ធុញទ្រាន់ ក្នុងរយៈពេលមួយម៉ោងកន្លះ និងជារឿងដែលមានកម្រិតស្ទើរតែបេះបិតនឹងរឿងបរទេស។ ទាំងការសន្ទនា និងសកម្មភាពសម្ដែង ម្ចាស់គណនីដដែលនេះសរសើរថាល្អឥតខ្ចោះ។ ប៉ុន្តែម្ចាស់គណនីនេះក៏បានរិះគន់ពីមូលហេតុដែលរឿងមួយនេះ មិនមានយុវវ័យ និងអ្នកចូលចិត្តទស្សនាភាពយន្ត នៅតាមរោងភាពយន្តមិនសូវគាំទ្រ។ ម្ចាស់គណនីជាច្រើនទៀត ក៏ត្រូវគេឃើញកោតសរសើរពីរឿងនេះដូចគ្នា ទើបជាការកត់សម្គាល់នៅពេលផលិតកររឿង បានអះអាងថារឿង«វិកលចរិត» ប្រឈមខាតធ្ងន់ ដោយសារតែមានអ្នកទិញសំបុត្រតិចតួច សាកល្បងចូលទស្សនា ៕
មតិយោបល់