ព័ត៌មានជាតិ

រថយន្តតូរីស១គ្រឿង ផ្ទុកឈើប្រណីតពេញ ត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចបង្ក្រាប

រតនគិរីៈ រថយន្តតូរីស១គ្រឿងផ្ទុកឈើប្រណីតពេញ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាបបាននៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសិល្ប សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តតូរីសដឹកឈើធ្នង់ខុសច្បាប់នេះ ពាក់ស្លាកលេខភ្នំពេញ ២R.៤៧៤៦ ពណ៌ខៀវ ធ្វើដំណើរចេញពីក្រុងបានលុង ឆ្ពោះទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ លុះមកដល់ចំណុចខាងលើ សមត្ថកិច្ចមានការសង្ស័យធ្វើការឃាត់ឆែកឆេរឃើញក្នុងរថយន្តសុទ្ធតែឈើធ្នង់ ដោយឡែកអ្នកបើកបររថយន្តមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ រួមទាំងព្រូឡាន២នាក់ទៀត។ ក្រោយពីបង្ក្រាប ឈើប្រណីត ត្រូវបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ប្រភពបានបន្តទៀតថា ឈើធ្នង់ ដែលបង្ក្រាបបាននេះ សមត្ថកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានខ្សឹបបាប់ឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី (ជាអ្នកបើកបរ)ចំណែកព្រូឡាន២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ៕

photo_2016-12-06_15-56-20photo_2016-12-06_15-56-21

មតិយោបល់