ខណៈដែលកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»អបអរបុណ្យភ្ជុំ ដែលត្រូវគេស្គាល់ថាជាកម្មវិធីតែងប្រែតបានប្រកាសឡើង ផលិតករដែលជាអ្នកផ្ដើមបង្កើតអោយមាននូវកម្មវិធីនេះ ត្រូវគេដឹងថាមានដំណឹងជីតាទទួលមរណភាពតែម្ដង។ យ៉ាងណាមិញ លោកបានប្រកាសនៅក្នុងវេទិកាសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២៩ កញ្ញាថា ខ្លួននៅតែដំណើរការកម្មវិធីអបអរបុណ្យភ្ជុំមួយនេះ អោយលេចរូបរាងតាមការគ្រោងទុក្ខ ហើយអោយបានល្អបំផុត បើទោះជាលោកត្រូវមមាញឹកនឹងធ្វើបុណ្យជីតា ក្នុងពេលកម្មវិធីទាំងមូលកាន់តែខិតជិតដល់។
លោក ប៉ានី វិរៈរិទ្ធ ស្ថាបនិកកម្មវិធី««ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»បានថ្លែងប្រាប់ថា នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ លោកនឹងធ្វើអោយកម្មវិធីតែងប្រែតអបអរបុណ្យភ្ជុំទទួលបានការជោគជ័យជាងកាលពីលើកទី១ ដោយលោកបញ្ជាក់ថា ប្រសិនបើកម្មវិធីមួយនេះ មិនសូវទាក់ទាញអ្នកចូលរួមឲ្យបានកុះករតាមគ្រោងទុក ក៏លោកនឹងធ្វើឲ្យជោគជ័យដែរ។ ការសម្រេចបង្កើតឡើងនូវកម្មវិធីនៅក្នុងឆ្នាំនេះ លោកថា មិនមែនដើម្បីទាក់ទាញអោយមានភ្ញៀវកិត្តិយសមកចូលរួមទស្សនាអោយច្រើនកុះករនោះទេ ដោយសារតែកម្មវិធីរបស់លោកគឺផ្ដោតជាសំខាន់ លើការផ្សាយផ្ទាល់ ហើយផ្សាយផ្ទាល់អោយបានល្អទាំងប្រព័ន្ធសំឡេង រូបភាព និងឈុតឆាកលើឆាកទៅវិញ ដើម្បីអោយមានការចាប់អារម្មណ៍នៅលើបណ្ដាញហ្វេសប៊ុក និងអ្នកទស្សនាតាមផេក។ លោកថាខ្លួនបានរៀបចំរៀបរយអស់ហើយ នូវប្រព័ន្ធភ្លើង ប្រព័ន្ធផ្សាយបន្តផ្ទាល់លើផេក និងការរៀបចំឆាកជាដើម ដោយឆាកទាំងមូល គឺលោកសម្រេចដេគ័រអោយមានទម្រង់បែបខ្មែរ មានការរំលេចនូវឧបករណ៍តន្ត្រីបុរាណខ្មែរនៅលើវេទិកា និងស្នើអោយអ្នកចូលរួមស្លៀកពាក់បែបខ្មែរចូលរួម។
លោកថាកម្មវិធីនេះ ត្រូវបានរៀបចំប្រព័ន្ធផ្សាយផ្ទាល់លើផេកធំៗរបស់ក្រុមហ៊ុនជាដៃគូ ដែលបានសហការចូលគ្នាច្រើនផេកទាំងព្រម ដោយក្រៅពីមានការច្រៀងរាំពាក់ព័ន្ធនឹងបទបុណ្យភ្ជុំ ក៏មានការសម្ដែងល្ខោនខោល និងដើរម៉ូដដោយផ្ទាល់ពីក្រុមសិល្បករសិល្បការិនីលើឆាក ក៏មានការចាក់បង្ហាញវីដេអូឃ្លីបបង្ហាញពីប្រវត្តិបុណ្យភ្ជុំ ពិធីពូនភ្នំខ្សាច់ របៀបធ្វើនំខ្មែរជាដើម។ ក្នុងនោះកម្មវិធីសំខាន់គឺការរំលេចនូវតួអង្គខ្មោចល្បីៗនៅក្នុងរឿងនិទានខ្មែរ ដើម្បីអោយបេលបន្តផ្ទាល់លើផេកជាច្រើនព្រមគ្នា ទទួលបានការចាប់អារម្មណ៍។ លោកថាកម្មវិធីទាំងនោះនឹងត្រូវដំណើរការតាមការគ្រោងទុក បើទោះជាក្នុងពេលនេះ លោកមានទុក្ខរឿងជីតាបង្កើតទទួលមរណភាព ដែលធ្វើអោយផ្លូវចិត្តរបស់លោករងការប៉ះពាល់។ លោកអះអាងថាព្រឹត្តិការណ៍មួយនេះ មានការសហការពេញទំហឹងពី«គ្រួសារតារាកម្ពុជា» ដោយដៃគូដែលជាក្រុមហ៊ុនជំនាញខាងផ្សាយបន្តផ្ទាល់លើផេកធំៗ និងក្រុមហ៊ុនដែលមានឆន្ទៈក្នុងការផលិតនូវកម្មវិធីនេះក៏បានឯកភាពគ្នា ទើបធ្វើអោយលោកប្រកាសធ្វើកម្មវិធីទាំងមូលអោយខ្លាំង និងអោយមានការទទួលស្គាល់នៅពេលផ្សាយចេញ។ លោកថាគោលបំណងធំបំផុតក្នុងរៀបចំកម្មវិធីនេះឡើង គឺដើម្បីមានការដឹងឮកាន់តែច្រើនពីទំនៀមទំលាប់របស់ខ្មែរ នៅក្នុងឱកាសបុណ្យភ្ជុំ ដោយលោកប្រកាសថាដៃគូដែលបានចូលរួម សុទ្ធតែស្ម័គ្រចិត្តរំលេចកម្មវិធីនេះ ដោយមិនមានទទួលផលចំណេញ ខណៈដែលក្រុមហ៊ុនរបស់លោក ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងជំនាញខាងឆាកភ្លើងភ្លេង ក្រៅពីធ្វើកម្មវិធីទាំងមូលដោយមិនគិតថ្លៃហើយ គឺត្រូវចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត។
នៅក្នុងវេទិកាសន្នសីទកាសែតនាថ្ងៃនោះ ដៃគូដែលបានបង្ហាញខ្លួន សុទ្ធតែបានបង្ហាញពីការតាំងចិត្ត ធ្វើអោយកម្មវិធីទាំងមូល ទទួលបានជោគជ័យ។ យោងតាមការរៀបចំ កម្មវិធីទាំងមូលនឹងតម្រូវអោយអ្នកចូលរួមទាំងអស់ ស្លៀកពាក់ជាប្រពៃណីខែភ្ជុំ ហើយនៅលើវេទិកាមានការដើរម៉ូដបង្ហាញពីសំលៀកបំពាក់ទៅវត្តតាមសម័យកាល បង្ហាញពីតួអង្គប្រែតល្បីៗរបស់ខ្មែរ ក្រៅពីចាក់ឃ្លីបបង្ហាញពីប្រវត្តិក្នុងជំនឿខ្មែរផ្សេងៗ។ កម្មវិធីត្រូវបានប្រកាសថានឹងចាប់ផ្ដើមពីម៉ោង៣រសៀលរហូតដល់ម៉ោង៨យប់ ដោយការផ្សាយផ្ទាល់ នឹងត្រូវធ្វើឡើងដូចគ្នានឹងប្រព័ន្ធបន្តផ្ទាល់តាមទូរទស្សន៍ ហើយផ្សាយផ្ទាល់ចម្រុះគ្នាលើផេកច្រើនក្នុងពេលតែមួយ ដើម្បីអោយមានការដឹងឮសុះសាយ៕
មតិយោបល់