បើទោះរឿង«វិកលចរិត» មិនទាន់ទម្លាក់ចេញពីរោងកុននៅឡើយ ប៉ុន្តែផលិតករបានអះអាងថា ខ្សែរឿងដែលក្រសួងវប្បធម៌ ជ្រើសយកទៅមហោស្រពភាពយន្ត នៅប្រទេសចិននៅពាក់កណ្ដាលខែធ្នូមួយនេះ នឹងខាតមិនក្រោម៣ម៉ឺនដុល្លារនោះទេ។ លោកថានៅថ្ងៃព្រហស្បតិ៍ទី៨ ធ្នូ រោងកុននឹងទម្លាក់ភាពយន្តរបស់ខ្លួន បើនៅខ្វះអ្នកចូលទស្សនា ទើបលោកថាការផលិតមួយរឿងនេះ មិនត្រឹមតែធ្វើឲ្យលោកជាប់បំណុលច្រើន ម៉ឺនដុល្លារប៉ុណ្ណោះទេ តែក៏សល់តែកង់ប្រភេទកីឡាមួយ សម្រាប់ធ្វើដំណើរយ៉ាងកំសត់ផងដែរ។
លោក ហ៊ុយ យ៉ាងឡេង លើកឡើងខុសពីផលិតករភាគច្រើនថា ការផលិតរឿងរបស់លោកកន្លងមក គឺមិនបានឲ្យលោកមានបាននោះទេ ដោយសារតែក្នុងពេលរឿងជោគជ័យដូចជារឿង «ខ្មោចដើមចេកជ្វា» គឺលោកជាអ្នកផលិតឲ្យគេជាថ្នូរ នឹងការទទួលបានតម្លៃការងារ លុះដល់លោកបោះទុនផលិតរឿងខ្លួនឯង ក៏ទទួលបានត្រឹមតែប្រផិតប្រផើយសឹងគ្រប់រឿង។ លោកថាការផលិតរឿង មិនបានចំណេញ បានធ្វើឲ្យលោកបង្ខំចិត្តលក់របស់ទ្រព្យ និងខ្ចីមិត្តភ័ក្រ្តបងប្អូនច្រើនឡើង ជាពិសេសក្នុងពេលមិនមានការផលិត ហើយត្រូវចំណាយពេលស្រាវជ្រាវ។ មុនការផលិតរឿង«វិកលចរិត»លោកថាខ្លួន បានជំពាក់បំណុលគេចំនួន២ម៉ឺនដុល្លារ ដោយសារតែចាយវាយផង និងទិញសម្ភារៈកុនចូលផង។ អញ្ចឹងហើយទើបលោកត្រូវជាប់បំណុលគេឯង ចំនួនជាង៦ម៉ឺនដុល្លារ ដោយសារត្រូវខ្ចីលុយមិត្តភ័ក្រ្តយកមកផលិតរឿង «វិកលចរឹត»អស់ដើម៤៥០០០ដុល្លារ បន្ថែមទៀត។ លោកនិយាយថាតាំងពីថ្ងៃដាក់បញ្ចាំង(២ ធ្នូ) មកទល់នឹងយប់ថ្ងៃ៦ ធ្នូ ផលិតកម្មទើបតែទ ទួលបាន១ម៉ឺនដុល្លារប៉ុណ្ណោះក្រោយ ចែកជាមួយរោង ទើបលោកមិនរំពឹងច្រើនទេ ថារឿងមួយនឹងបានទុនពាក់កណ្ដាល ដោយសារតែខាងរោងនឹងដាក់រឿងថៃថ្មីមួយ នៅថ្ងៃទី៨ធ្នូ ដែលលោកបារម្ភថានឹង ឈានទៅទម្លាក់រឿងរបស់លោក បើអ្នកទស្សនានៅតែមានចំនួនតិច។ លោកថាបើចំណូលទទួល បានត្រឹមតែជាងមួយម៉ឺនដុល្លារ គឺលោកនឹងជាប់បំណុលរហូតដល់៥ម៉ឺន ដោយសារតែការខ្ចីបុលគេ យកមកផលិតរឿង«វិកលចរិត» ដើម្បីបានលុយសងបំណុលចាស់និងថ្មី បែរជាធ្វើឲ្យលោកកើនបំណុល លើសដើម។ លោកហ៊ុយ យ៉ាងឡេង បន្តថា មកទល់សព្វថ្ងៃលោកមិនមានលទ្ធភាពទិញឡានជិះទេ ដោយម៉ូតូផ្ទាល់ខ្លួនក៏លក់ផលិតកុនកាលពីមួយរយៈមុន ដោយលោកត្រូវបង្ខំចិត្តទិញកង់តម្លៃ៥០០ដុល្លារទុកជិះទៅណាមកណាជាមធ្យោបាយវិញ។ លោកថាផលិតករមួយចំនួនមិនដឹងពីស្ថានភាពលំបាករបស់លោកទេ ប៉ុន្តែសម្រាប់តារាមួយចំនួនគឺដឹងដោយសារតែលោកហេតុតែចង់បានកុនល្អហើយត្រូវសុំតារាៗ និងមិត្តភ័ក្រ្តជិះ និងជិះម៉ូតូឌុប ឬតុកតុកគ្រប់ពេលធ្វើដំណើរឆ្ងាយៗ។ លោកនិយាយថា«ខ្ញុំអស់ខ្មាស់ហើយព្រោះការផលិតកុនកន្លងមកខ្ញុំអស់ពីខ្លួនហើយ ដោយសារតែខ្ញុំផលិតតែរឿងដែលផ្ដោតលើគុណភាព ហើយចុងក្រោយមិនសូវមានការគាំំទ្រដូចរឿង កំប្លុកកំប្លែង និងខ្មោចអី ខ្ញុំភ័យមែនទែនដោយសាររឿង ជិតទម្លាក់ហើយទើបបានដើម១ម៉ឺន(ដុល្លារ)នៅឡើយ មើលទៅខ្ញុំអត់ដឹងទៅច្រកណារឿងបំណុល ទាំងចាស់និងថ្មី៥-៦ម៉ឺនដុល្លារហ្នឹង!»។ លោកថាមិនថាដំណោះស្រាយសម្រាប់ បំណុលនោះទេ ក្នុងពេលដែលរឿង«វិកលចរិត»ដែលលោកប្រមែប្រមូលទ្រព្យរបស់ និងខ្ចីបំណុលមិត្តភ័ក្រ្ត យកមកផ្សងព្រេងធ្វើឲ្យ លោកខាតដើមបែបនេះ។
យ៉ាងណាមិញ លោកថានៅតែបន្តការផលិតកុន ក្នុងពេលខាងមុខដោយគ្រាន់តែអាចខ្សែរឿងក្រោយៗ គឺលោកឈរឈ្មោះផលិតករ ឲ្យគេដូចមុនប៉ុណ្ណោះ៕ មិនដកថយនោះទេ ដោយគ្រាន់តែការផលិតរឿងក្រោយៗលោកអាចរកទុនមកផលិតឲ្យគេដូចមុនវិញ៕
មតិយោបល់