ភ្នំពេញៈ រថយន្តកុងទីន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងជ្រុលចង្កូតទៅបុកដើមឈើមួយដើមនៅខាងមុខផ្ទះប្រជាពលរដ្ឋ បណ្តាលរលំសង្កត់លើរថយន្តCRV ដែលម្ចាស់គេចតទុកចោលនៅខាងមុខផ្ទះ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ រួចរថយន្តព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចចាប់បានវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-8123 បើកដោយបុរសម្នាក់ ក្នុងសភាពស្រវឹង តាមបណ្តោយផ្លូវម៉ៅសេទុង ឆ្ពោះទៅផ្សារដើមគរ លុះបើកមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកជ្រុលទៅបុកដើមឈើមួយដើមនៅមុខផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យដួលរលំសង្កត់លើរថយន្តម៉ាកCRV ដែលម្ចាស់ផ្ទះបានចតចោល បណ្តាលឲ្យខូចខាតខាងមុខយ៉ាងដំណំ។ បន្ទាប់ពីបង្កហេតុ រថយន្តកុងតឺន័រខាងលើ មិនបានឈប់ទេគឺព្យាយាមបើករត់រហូតទៅដល់ផ្សារសុវណ្ណា ទើបឈប់ទុករថយន្តចោលហើយអ្នកបើកបររូបនោះបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំតំណាងក្រុមហ៊ុនរបស់រថយន្តខាងលើ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់