នៅរសៀលថ្ងៃ៨ ធ្នូនេះ ផលិតកររឿង«កំពូលល្ងង់នៅអាស៊ី» បានប្រកាសបើកសន្និសីទសារព័ត៌មានយ៉ាងគគ្រឹកគគ្រេង នៅផ្សារទំនើប City Mall ដោយមានតួសម្ដែង ជាពិសេសគឺអ្នកកាសែតរហូតដល់ជិត៤០ស្ថាប័នចូលរួមសួរឆ្លើយ។ អ្វីដែលគេចាប់អារម្មណ៍គឺម្ចាស់ផលិតកម្មបានអះអាងថា ក្នុងពេលខ្សែរឿងមួយនេះ ត្រូវបានដាក់បញ្ចាំងនៅតាមរោងកុន គឺរាល់កម្មករកម្មការិនីនៅគ្រប់បណ្ដារោងចក្រទាំងអស់ នឹងត្រូវអនុញ្ញាតិឲ្យចូលទស្សនាដោយឥតគិតថ្លៃ នៅគ្រប់រោងទំនើបទាំងអស់ដោយគ្រាន់តែ បង្ហាញកាតរោងចក្រ ដែលនេះគឺជាករណីមិនធ្លាប់មាន។
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy បានប្រកាសក្នុងវេទិកាសន្និសីទមុននេះថា ដោយសារតែលោកគឺជាអតីតពលករបម្រើការ នៅតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ ហើយទទួលបានថវិកាពីការងារនេះ យកមកធ្វើជំនួញបានជោគជ័យ រហូតឈានដល់បើកផលិតកម្មផលិតរឿង «កំពូលល្ងង់នៅអាស៊ី» ទើបលោកសម្រេចផ្ដល់ឱកាសឲ្យកម្មករកម្មការិនី នៅក្នុងប្រទេសកម្ពុជា មានសិទ្ធិទៅទស្សនារឿងនេះនៅគ្រប់បណ្ដារោងដោយមិនគិតលុយ។ លោកថាចាប់ពីថ្ងៃទី១៥ធ្នូ តទៅ ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» នឹងសម្រេចដាក់បញ្ចាំងនៅគ្រប់រោងកុន ហើយរាល់បងប្អូនជាកម្មករជាកម្មការិនីរោងចក្រ គឺអាចបង្ហាញកាតដើម្បីទស្សនារឿងនេះ ដោយមិនមានគិតលុយនោះទេ ដើម្បីលើកទឹកចិត្តឲ្យបងប្អូន ជាកម្មកររោងចក្រមានឱកាសបានទស្សនាស្នាដៃរបស់លោក នៅគ្រប់រោងទំនើបដោយមិនចំណាយលុយ។ យ៉ាងណាមិញ លោកថាកម្មករ និងកម្មការិនី ត្រឹមតែ២០០នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតិឲ្យទស្សនារឿង «កំពូលល្ងង់នៅអាស៊ី» ដោយមិនគិតថ្លៃនេះ។ លោកថាសម្រាប់កម្មករកម្មការិនី ដែលទៅទស្សនារឿងនេះលើសពី២០០នាក់ គឺមិនមានឱកាសទទួលសំបុត្រទស្សនារឿង ដោយមិនគិតថ្លៃនោះទេ ដោយសារតែលោកបញ្ជាក់ថា បើគ្មានការកំណត់ចំនួនមនុស្ស គឺនឹងធ្វើឲ្យផលិតកម្មខាតបង់។ លោកថាការផ្ដល់សិទ្ធិឲ្យកម្មករកម្មការិនី ទស្សនាដោយមិនគិតលុយនេះ គឺលោកជាអ្នកចេញលុយខាត ចំណែករោងកុងទៅឲ្យម្ចាស់រោងកុន ដោយមិនមែនរោងកុន ក៏បើកឲ្យទស្សនាហ្វ្រីដូចគ្នា នឹងលោកនោះទេ។ លោកថាផលិតកម្ម Galaxy សម្រេចធ្វើបែបនោះ គឺដើម្បីរំលឹកពីជីវិតអតីតកាល របស់លោកដែលគ្រាន់តែជាកម្មកររោងចក្របម្រើការនៅប្រទេសកូរ៉េ និងលើកទឹកចិត្តឲ្យកម្មករកម្មការិនី ដែលមានជីវភាពខ្វះខាតមាន ឱកាសទស្សនាខ្សែរឿងជាស្នាដៃ របស់អតីតកម្មករដូចគ្នាគ្រប់រោងទំនើប ដោយមិនចំណាយថវិកា៕
ខាងក្រោមនេះជាទិដ្ឋភាព សន្និសីទកាសែតរបស់ផលិតកម្ម Galaxy នៅរសៀលថ្ងៃ៨ ធ្នូ និងTrailer រឿង«កំពូលល្ងង់នៅអាស៊ី» ដែលត្រៀមដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី៨ ធ្នូខាងមុខ៖
https://www.youtube.com/watch?v=TZDu6DAiqLo
មតិយោបល់