ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា វិលពីអាម៉េរិក

កាលពីយប់ថ្ងៃទី១៤ ធ្នូ តារាសម្ដែងកញ្ញាពៅ លីដា បានត្រលប់មកពីការសម្ដែងនៅក្នុងសហរដ្ឋអាម៉េរិកវិញហើយ ដោយនាងបានដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណជា១១យប់។ តារាសិល្បៈមួយចំនួនត្រូវគេឃើញបង្ហាញខ្លួន ក្នុងឱកាសទៅទទួលនាងដល់ព្រលានយន្តហោះ បើទោះជាដំណើរមកដល់របស់នាង គឺសឹងនឹងពាក់អធ្រាតទៅហើយ។

ពៅ លីដា និយាយថា រយៈពេល២ខែកន្លះគត់ដែលនាងបានសម្ដែង នៅលើទឹកដីអាម៉េរិក ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការសម្ដែងធំៗចំនួនជា២០លើក។ នាងថាជាលើកទី១ដែលនាងបានចេញសម្ដែង នៅក្នុងប្រទេសនោះ ហើយបានចាប់ដៃជាមួយតារាចម្រៀងអឿន ស្រីមុំ ដោយមានបងប្អូនខ្មែរជាច្រើនមកទិញសំបុត្រ ទស្សនាដោយសឹងមិនមានការសម្ដែងណាមួយនៅសល់កៅអីទំនេរ។ បទប្រជាប្រិយខ្មែរ រួមមានរាំវង់រាំក្បាច់ និងបទរាំរែកជាច្រើន នាងថាបានច្រៀង ហើយមានបងប្អូនខ្មែររាំលែងយ៉ាងច្រើនកុះករ បើទោះជាបទទាំងនោះមិនមែនជាបទផ្ទាល់ខ្លួន ហើយនាងក៏មិនអាចច្រៀង បានពីរោះដូចតារាចម្រៀងអាជីព។ នាងថាបងប្អូនខ្មែរនៅអាម៉េរិកស្គាល់នាងច្រើនតាមរយៈការសម្ដែង អ៊ីចឹងហើយរាល់ការសម្ដែងរបស់នាង ទទួលបានជោគជ័យ ដែលមានន័យថាក្រៅពី មានអ្នកទិញសំបុត្រចូលមើលការសម្ដែងកកកុញ ក៏មានបងប្អូនខ្មែរជាច្រើនផ្ដល់ឱកាសឲ្យនាងទទួលច្រៀង ក្នុងកម្មវិធីជប់លៀងតាមផ្ទះ ដោយមានទាំងផ្ដល់ជាកាដូផង ឲ្យនាងរាល់ពេលនាងចាកចេញពីរដ្ឋនីមួយ។ យ៉ាងណាមិញ នាងថាមិនមានគម្រោងឡើងទៅសម្ដែង នៅក្នុងសហរដ្ឋអាម៉េរិកជាថ្មីម្ដងនោះទេ បើទោះជានាងបញ្ជាក់ថា ការសម្ដែងរយៈពេលជាង២ខែ មានការគាំទ្រខ្ពស់។ នាងថាខ្លួនត្រូវប្រឹងប្រែងលេចមុខ ក្នុងស្រុក ដើម្បីទទួលការសម្ដែង និងឡើងឆាកទូរទស្សន៍ឲ្យបានច្រើន ដើម្បីកុំឲ្យថមថយកេរ្តិ៍ឈ្មោះ ព្រោះតែជក់សូរចេញសម្ដែងក្រៅប្រទេសនោះ៕

មតិយោបល់