ភ្នំពេញៈ យោងតាមការព្យាករណ៍អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូនេះ សីតុណ្ហភាពធ្លាក់ចុះដល់កម្រិតទាបបំផុត ឬអប្បបរមា ១៧អង្សារសេ នៅខេត្តមណ្ឌលគិរី។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះបន្តិច។
បើតាមសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលនូវរបបខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនេះ ខ្យល់ដែលបក់ពីសមុទ្រចិនខាងត្បូង បាន និងកំពុងបង្កើនឥទ្ធិពលមកលើតំបន់ឥណ្ឌូចិន។
ដោយយោងស្ថានភាពខាងលើនេះ តាមការព្យាករណ៍ ឲ្យដឹងថា នៅកម្ពុជា នឹងមានភ្លៀងបន្តធ្លាក់ពីតិចទៅមធ្យមនៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ។
ជាមួយគ្នា សីតុណ្ហភាពនៅតាមបណ្ដារាជធានី-ខេត្ត រួមមាន សីតុណ្ហភាពអប្បបរមា ចាប់ពី១៩អង្សារ ដល់២២អង្សារសេ និងសីតុណ្ហភាពអតិបរិមា ចាប់ពី២៩អង្សារ ដល់៣២អង្សារសេ។ ដោយឡែក នៅខេត្តមណ្ឌលគិរី ឯណោះវិញ សីតុណ្ហភាពអប្បបរមា ចាប់ពី១៧អង្សារ ដល់១៩អង្សារសេ ខណៈសីតុណ្ហភាពអតិបរមា មានចាប់ពី២៥អង្សារ ដល់២៧អង្សារសេ៕
មតិយោបល់