ព័ត៌មានជាតិ

រថយន្តព្រុស បុកម៉ូតូC125 ខ្ទេចបណ្តាលឲ្យបុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ កម្មករសំណង់ម្នាក់បានរងរបួស ខណៈពេលដែលជិះម៉ូតូម៉ាកហុងដា C125 មួយគ្រឿងតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយនឹងរថយន្តព្រុសមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យទាំងរថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវបើកថ្មី ខាងក្រោយទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ណាង អាយុ ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រងរបួសយ៉ាងធ្ងន់ធ្ងរ ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-7316 មួយគ្រឿងបើកបរដោយយុវសិស្សម្នាក់ឌុបគ្នា២នាក់ចេញពីសាលារៀនហ្សាម៉ាន់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-5370 មួយគ្រឿង បើកបរដោយបុរសរងគ្រោះខាងលើ ក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹងបណ្តាលឲ្យទាំងរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នាតែម្តង។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានអ្នកធ្វើការជាមួយគ្នា បញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ ដោយមានកម្លាំងមានសម្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ដើម្បីរកការខុសត្រូវនិងធ្វើការដោះស្រាយគ្នាដោយភាគីខាងម៉ូតូសងថ្លៃខូចខាតទៅភាគីរថយន្តព្រុសចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕

មតិយោបល់