កំពង់ឆ្នាំងៈ គិតពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែធ្នូ នេះ ប្រជាពលរដ្ឋនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានពុលស្រាស ស្លាប់ចំនួន១១នាក់ មានស្រី៤នាក់ និងកំពុងសម្រាក២៨នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ដោយឡែកអ្នកបិតស្រាចំនួន២នាក់ ត្រូវបានលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តបញ្ជារឲ្យសមត្ថកិច្ចខេត្តឃាត់ខ្លួន យកមកសាកសួរ ដើម្បីស្រាវជ្រាវរកមូលហេតុនៃការបិតស្រាលក់ បណ្ដាលឲ្យអ្នកភូមិពុលស្លាប់បែបនេះ។
ស្រ្តីឈ្មោះ អៀន សារិន អាយុ៤៤ឆ្នាំ កំដរប្តីពុលស្រា សម្រាកនៅក្នុងអគារសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តបាននិយាយឲ្យដឹងថា ក្នុងករណីពុលស្រានេះ ប្អូនស្រីរបស់គាត់ឈ្មោះ ស្រៀង គឹមស៊្រី អាយុ៣៤ឆ្នាំ បានស្លាប់ ហើយប្តីគាត់កំពុងសង្គ្រោះនៅក្នុងពេទ្យខេត្ត មានអាការៈធ្ងន់ធ្ងរស្រវាំងមើលមិនឃើញ និងឈឺចុកចាប់ពេញខ្លួន រាក ក្អួត។ គាត់បន្តថា កាលពីយប់ថ្ងៃទី៧ ខែធ្នូ អ្នកជំងឺពុលស្រាម្នាក់ បានស្លាប់នៅក្នុពេទ្យខេត្ត ហើយនៅក្នុងភូមិក៏នៅមានអ្នកពុលស្រាល្មមៗជាច្រើននាក់ទៀតមិនទាន់មកពេទ្យខេត្ត។
ចំណែកអ្នកមកកំដរកូន និងប្តី ដែលពុលស្រាកំពុងសម្រាកក្នុងពេទ្យខេត្តបានឲ្យដឹងដែរថា គិតមកដល់ថ្ងៃនេះមានអ្នកពុលស្រាស្លាប់នៅក្នុងភូមិក្តុល កើនឡើងដល់១១នាក់ និងមាន ១២នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ហើយបុរសម្នាក់ ឈ្មោះ អ៊ិត ថន អាយុ៤៩ឆ្នាំ កំពុងមានអាការៈធ្ងន់ធ្ងរ ដែលគ្រូពេទ្យត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញ។
ពួកគាត់បានឲ្យដឹងទៀតថា អ្នកបិតស្រាលក់នៅក្នុងភូមិក្តុលមាន២គ្រួសារ គឺ ១គ្រួសារប្តីឈ្មោះ ចិន ប្រពន្ធឈ្មោះ ញឹប និង១គ្រួសារទៀតប្តីឈ្មោះ គឹម ប្រពន្ធឈ្មោះ ណេត មានអ្នកទិញយកមកលក់ក្នុងតៀមបន្តម្នាក់ទៀតឈ្មោះ លីន ភេទស្រី។ ពួកគាត់សំណូមពរអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ អ្នកបិតស្រាលក់នៅក្នុងភូមិក្តុលខាងលើនេះផង បើពុំនោះទេ អ្នកផឹកស្រានៅក្នុងភូមិពុលស្លាប់អស់ហើយ។ កន្លងមកគេធ្លាប់បានដឹងថា អ្នកបិតស្រាតែងបិតស្រាបានហើយ យកថ្នាំពុលអង់ទ្រីនមួយចុងចង្កឹះ មកលាយក្នុងស្រាសបន្ថែម ដើម្បីឲ្យស្រាខ្លាំងផឹកទៅឆាប់ស្រវឹង។ ករណីខាងលើនេះ គេសង្ស័យថា អ្នកបិតស្រាលាយថ្នាំពុលក្នុងស្រាលើសកម្រិត ទើបបង្កឲ្យអ្នកផឹកពុលស្លាប់ជាបន្តបន្ទាប់។
លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅម៉ោង១១និង៥នាទីព្រឹកថ្ងៃទី៨ ខែធ្នូ នេះថា អ្នកជំងឺពុលស្រាមកពីភូមិក្តុល កំពុងសម្រាកព្យាលបាលនៅក្នុងអគារសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ មានចំនួន១២នាក់ ក្នុងនោះមាន២នាក់ សភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ នឹងត្រូវដឹកអ្នកពុលស្រា១៦នាក់ទៀតយកមកព្យាបាល។
ទាន់ទិននឹងបញ្ហាខាងលើនេះ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តមានវិធានការណ៍៣ចំពោះមុខ គឺ៖ ១.ទៅដឹកបញ្ជូនអ្នកពុលស្រាចំនួន១៨នាក់ទៀតពីភូមិក្តុល ដែលមានចម្ងាយជាង៥០គីឡូម៉ែត្រយកមកថែទាំ និងព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តនៅក្នុងថ្ងៃនេះ ដោយមិនគិតប្រាក់ថ្លៃព្យាបាល និងបញ្ជូនក្រុមការងារចុះទៅភូមិក្តុល អប់រំជាបន្ទាន់ដល់អ្នកលក់ស្រា និងអ្នកហូបស្រាក្នុងភូមិទប់ស្កាត់កុំឲ្យពុលស្រាបន្តទៀត ២.ប្រជុំគ្រូពេទ្យជំនាញៗក្នុងខេត្តរកវិធីសាស្ត្រព្យាលជំងឺនេះឲ្យមានប្រសិទ្ធភាព ៣.បញ្ជូនមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ច ជាមួយលោកព្រះរាជអាជ្ញាខេត្ត ចុះស្រាវជ្រាវរកប្រភពដើមនៃអ្នកបិតស្រាដែលមានជាតិមេតាណុលខ្ពស់ ដើម្បីទប់ស្កាត់និងចាត់ការទៅតាមផ្លូវច្បាប់៕
https://youtu.be/7LGnfU0J97s









មតិយោបល់