ព័ត៌មានសិល្បៈ និងកម្សាន្ត

Apsara Award តារាភាគច្រើន ទទួលពានដូចៗគ្នា

មិនខុសពីការប្រគល់ពានកាលពីរដូវកាលទី១ និងទី២ ព្រឹត្តិការណ៍ប្រគល់ពានរដូវកាលទី៣ប្រចាំឆ្នាំ២០១៦ របស់កម្មវិធី Apsara Award កាលពីយប់ថ្ងៃទី៩ ធ្នូ ក៏ឃើញតារាៗភាគច្រើន ទទួលបានពានដូចៗគ្នាច្រើននាក់ផងដែរ។ តារាសិល្បៈយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នោះ ហើយបើធៀបនឹងរដូវកាលមុនៗ គឺសភាពប្រគល់ពានលើកនេះ មានភាពអធឹអធមជាង។

លោកហ្វៃ សំអាង ជាអ្នករៀបចំកម្មវិធីបានអះអាងថា ដោយសារតែតារាៗជាបេក្ខជនបេក្ខនារីប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ Apsara Award ឆ្នាំនេះសុទ្ធតែមានសមត្ថភាព ទេពកោសល្យ និងបំពេញតួនាទីបានល្អប្រហែលៗគ្នា ទើបពានដែលបានប្រគល់ជូនតម្រូវឲ្យតារាច្រើននាក់ ទទួលបានពានដូចៗគ្នា។ ព្រឹត្តិការណ៍នេះនឹងគ្រោងរៀបចំរដូវកាលទី៤បន្តទៀត ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរផ្នែកបុរាណ កុំឲ្យបាត់បង់។ ពានដែលត្រូវគេឃើញតារាសិល្បៈទទួលរួមមាន ពានមនោសញ្ចេតនា ពានគោរពពេលវេលាបានល្អឥតខ្ចោះ និងពានសម្ដែងបានល្អឥតខ្ចោះ លើគ្រប់ទម្រង់សិល្បៈ ដោយពាននីមួយៗសុទ្ធតែមានតារាច្រើននាក់ទទួលបាន។ លើកលែងតែពានប្រជាប្រិយភាព ឬ Super Star ប្រចាំឆ្នាំ២០១៦ប៉ុណ្ណោះ ដែលគេឃើញមានការបែងចែកដាច់ស្រឡះ ដោយមានតែតារា២ដួង ជាអ្នកទទួលគឺ តារាប្រុសម្នាក់ និងតារាស្រីម្នាក់។ យោងតាមការប្រកាស តារាស្រីដែលទទួលបានពាននោះគឺកញ្ញា លី ច័ន្ទសីហា និងតារាប្រុសគឺលោកដែន សក្កដា ដោយអ្នកទាំងពីរទទួលបានពាននេះ គឺផ្អែកតាមការបោះឆ្នោត ទាំងនៅលើផេក ហ្វេសប៊ុកកម្មវិធី និងតាមរយៈទូរស័ព្ទ។

ខាងក្រោមនេះជាទិដ្ឋភាពចូលរួមរបស់តារាសិល្បៈ និងប្រគល់ពានដល់តារាៗក្នុងព្រឹត្តិការណ៍ Apsara Award 2016 កាលពីយប់ថ្ងៃទី៩ ធ្នូ នៅសាលមហោស្រពចតុមុខ៖

មតិយោបល់