ព័ត៌មានជាតិ

ជនជាតិដើមភាគតិចចារ៉ាយ យកប្រពៃណីដាក់សម្ពាធលើសមត្ថកិច្ចអនុវត្តច្បាប់

រតនគិរីៈ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយប្រមាណជិត៤០០នាក់ក្នុងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះបាននាំគ្នាមកឃាត់សមត្ថកិច្ច ខណៈដែលសមត្ថកិច្ចរួមមានអាវុធហត្ថស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះមកធ្វើការរឹបអូសឈើនោះដែលឈ្មួញរកស៊ីខុសច្បាប់លាក់ទុកក្នុងភូមិសាស្ត្រ ភូមិឃុំខាងលើ។

លោក ក្លាន វេង តំណាងចាស់ទុំភូមិបានឲ្យដឹងថា ការដែលសមត្ថកិច្ចចុះមកបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិប៉ាដលនាពេលនេះ គឺធ្វើឲ្យប៉ះពាល់ដល់ដល់ប្រពៃណីទំនៀមទំលាប់របស់ពួកគាត់ដោយការអះអាងថា ការចុះមកបង្ក្រាបនេះមានរថយន្តតូចធំមានអាវុធគ្រប់នឹងដៃ ធ្វើឲ្យព្រលឹងដូនតា ម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាពួកគាត់ ភ័យស្លន់ស្លោ រត់ចេញពីភូមិហើយធ្វើឲ្យអ្នកភូមិជួបគ្រោះមហន្តរាយផ្សេង ដូច្នេះការដែលក្រុមអ្នកភូមិលើកគ្នាមកឃាត់សមត្ថកិច្ចនាពេលនេះគឺគ្រាន់តែសុំថវិកាមួយចំនួនពីសមត្ថកិច្ច ដើម្បីយកទៅទិញស្រាពាងជ្រូកមាន់ទាជាដើម ធ្វើការសែនព្រេនដល់ព្រលឹងដូនតា បើមិនដូច្នេះទេ គឺពួកគាត់មិនឲ្យក្រុមសមត្ថកិច្ចចូលភូមិសាស្ត្រគាត់ជាដាច់ខាត។

លោក សុខ មីន​មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវដែលបានដឹកនាំកម្លាំងចុះបង្ក្រាបឈើខុសច្បាប់នាពេលនេះបានឲ្យដឹងថា ប្រពៃណី គឺជាប្រពៃណី ច្បាប់គឺជាច្បាប់ លោកគោរពប្រពៃណីរបស់ពួកគាត់ តែលោកក៏គោរពច្បាប់ដូចគ្នា។ដូច្នេះលោកក៏បានផ្តល់ថវិកាមួយចំនួនឲ្យពួកគាត់ដើម្បីយកទៅធ្វើពិធីប្រពៃណីហើយ ឈើខុសច្បាប់ដែលលាក់ទុកក្នុងភូមិសាស្ត្រនេះ កម្លាំងចម្រុះនឹងធ្វើការរឹបអូសផងដែរ។

លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តបានឲ្យដឹងថា វាជាការពិបាកមួយសម្រាប់សមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ហើយត្រូវបានក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច យកប្រពៃណីដាក់សម្ពាធលើសមត្ថកិច្ច បើយើងធ្វើតាមច្បាប់ប៉ះពាល់ដល់ប្រពៃណីរបស់ពួកគាត់ ដូច្នេះមានតែសម្រាប់ខ្លួនតាមពួកគាត់ទើបការងារបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះក៏បានកើតឡើងនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវដូចគ្នានេះដែរ សមត្ថកិច្ចបរាជ័យក្នុងការបង្ក្រាបកន្លងទៅនេះ៕

មតិយោបល់