ខុសពីតារាមានឈ្មោះទទួលពាន ក្នុងព្រឹត្តិការណ៍ Apsara Award ដែលសុទ្ធតែបានចំណាយលុយរៀងខ្លួន លេងឈុតសំលៀកបំពាក់ថ្លៃៗ ដើម្បីឲ្យលេចធ្លោ លោកម៉ាដូណា ដែលទទួលបានពានជាតារាមនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អ បានអះអាងថាចំណាយតែ១ម៉ឺនរៀលប៉ុណ្ណោះទិញ ក្រណាត់ជជុះយកមកកាត់ជាសំលៀកបំពាក់ នៅថ្ងៃនោះ។ អ្វីដែលគេកត់សម្គាល់ គឺសំលៀកបំពាក់ច្នៃពីក្រណាត់ជជុះតម្លៃ១ម៉ឺនរៀល របស់លោក ក៏ជួយឲ្យលោកលេចធ្លោរ និងមើលមិនដឹងថា ជាសំលៀកបំពាក់តម្លៃទាបដល់ម្ល៉ឹងដែរ។
លោកម៉ាដូណា ថ្លែងបញ្ជាក់ក្រោយទទួលពាន នៅយប់ថ្ងៃទី៩ ធ្នូថា សំលៀកបំពាក់ពណ៌មាសដែលលោកបានស្លៀក ក្នុងព្រឹត្តិការណ៍ប្រគល់ពាន Apsara Award នោះចំណាយថ្លៃក្រណាត់ ១ម៉ឺនរៀលប៉ុណ្ណោះ ពីកន្លែងលក់ក្រណាត់ ជជុះនៅផ្សារអូឫស្សី។ លោកថាខ្លួនចំណាយតែលើថ្លៃឈ្នួល៣០ដុល្លារប៉ុណ្ណោះ ក្នុងការកាត់ជាសំលៀកបំពាក់ ឈុតអាវធំពីហាងល្អមួយ។ លោកបង្ហាញការភ្ញាក់ផ្អើល ដែលលោកចំណាយទិញ ក្រណាត់អស់តែ១ម៉ឺនរៀលគត់ ប៉ុន្តែលោកអាចទទួលបានសំលៀកបំពាក់មួយ ឈុតយ៉ាងស្រស់ស្អាតសម្រាប់កម្មវិធីធំដុំ មិនចាញ់សំលៀកបំពាក់ដែលលោកចំណាយទិញក្រណាត់ថ្លៃៗមុនៗ។ សំលៀកបំពាក់អាវធំមួយឈុតនេះ លោកជាលើកទី១ដែល លោកចំណាយអស់តិច ហើយមើលទៅឡូយឆាយមិនខុសពីសំលៀកបំពាក់ ដែលបានកុម្ម៉ង់ចេញពីហាងថ្លៃ សម្រាប់កម្មវិធីសំខាន់។ លោកថាក្នុងពេលមុនៗ បើទោះជាលោកបានទិញក្រណាត់ជជុះតម្លៃធូរៗ យកមកកាត់ជាឈុតឡើង ឆាកបែបនេះក៏មិនស្អតដូចគ្នានឹងក្រណាត់ពណ៌មាស ដែលបានជ្រើសយកមកច្នៃនោះដែរ ទើបលោកយល់ថាក្រណាត់ជជុះដែលលោកជ្រើសយក គឺឈុតដែលជួយលោកចំណាយតិចមិនគួរឲ្យជឿ នៅក្នុងព្រឹត្តិការណ៍ Apsara Award បើធៀបនឹងតារារួមក្រុម ដែលសុទ្ធតែអះអាងថាកាត់ឈុតអត់ថ្លៃដល់ខ្ទង់រយដុល្លារ ដើម្បីទទួលបានឲ្យលេចធ្លោ ៕
មតិយោបល់