ព័ត៌មានជាតិ

Update៖ ឃុំខ្លួនអ្នកកាសែត និងបក្ខពួក ករណីឆបោក និងប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការ

កណ្តាលៈ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្នាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងករណីជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ មកតុលាការដើម្បីធ្វើការវិនិច្ឆយ័ទោស។

បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្នាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលពាក់ពន្ធ័និងករណីជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ ខាងលើទី១ឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មានឲ្យអង្គភាព ជាតិសែនជ័យ ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល និងម្នាក់ទៀតឈ្មោះ មឿន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ គួកជេរដី មានទីលំនៅបច្ចុប្បន្ននៅភូមិក្រូច ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២៥០៩ ក.ស.ដ.ឃ.ខ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ពីបទ« ឆបោកមានស្ថានទម្ងន់ទោស និងប្រើប្រាស់សំលៀកបំពាក់ជាអាថ៍សម្រាប់អាជ្ញាធរសាធារណៈ» តាមបញ្ញាត្តិមាត្រា ៣៧៧ ៣៨០ នៅចំណុច០២ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។

សូមរំឭកផងដែរថា សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ចាប់ខ្លួនអ្នកយកព័ត៌មានឲ្យអង្គភាពសារព័ត៌មានជាតិសែនជ័យម្នាក់ និងបក្ខពួកម្នាក់ទៀតពីបទ «ពីបទជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ» ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះយកឯកសណ្ឋាននគរបាលជាតិស្លៀកពាក់ ទៅជំរិតទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់សួនកំសាន្តមួយកន្លែង កាលពីវេលាម៉ោង៨ និ៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសំណង់សួនកំសាន្ត ស្ថិតក្នុងភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ដោយមានដើមបណ្តឹងឈ្មោះ ទឺ លីហ៊ុយ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ជាអ្នកបកប្រែ (តំណាងម្ចាស់ការដ្ឋានសំណង់សួនកំសាន្ត) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨០BE០ ផ្លូវ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោក បន្តបានបន្តថា ក្នុងប្រតិបត្តការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ឯកសណ្ឋាននគរបាលជាតិ (ឯកសណ្ឋានការងារពាក់ស័ក្តិ៣ )១សម្រាប់ ,វិទ្យុទាក់ទង (អាយឌី)ចំនួន២គ្រឿង ,នាមប័ណ្ណឈ្មោះ មឿន សុផល (អង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យទី២ ក្រសួងមហាផ្ទៃ)ចំនួន១ដុំ ,ខ្នោះ១ និងស្រោម១ ,ស្រោមដៃ ពណ៌ស ១គូ ,ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ ,ទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំស៊ុងណូត (លេខទូរស័ព្ទ015880 726),ប័ណ្ណព័ត៌មានចំនួន២(ឈ្មោះ ណុប ប៊ុនធីម) និងមួកប៉ារ៉ា១ ពណ៌ខ្មៅ មានអក្សរPOLICE។

មុនពេលកើតហេតុ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់បានស្លៀកពាក់បន្លំខ្លួនជានគរបាលជាតិ ជិះម៉ូតូទៅការដ្ឋានសំណង់របស់ជនរងគ្រោះ សុំធ្វើការត្រួតពិនិត្យសំណុំបែបបទនិងច្បាប់នានា ដោយតាំងខ្លួនជានគរបាលអង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ។ ប៉ុន្តែមិនបានជួបជាមួយជនរងគ្រោះនោះទេ ក្រុមជនសង្ស័យក៏បានទុកនាមប័ណ្ណដែលលេខទូរស័ព្ទ0154597773ផ្ញើរឱ្យជនរងគ្រោះ ។ លុះស្អែកឡើងថ្ងៃទី៦ ខែ/ឆ្នាំដដែល ជនរងគ្រោះតេទូរសព្ទទៅជនល្មើស ពេលនោះជនល្មើសបានជំរិតទារលុយពីជនរងគ្រោះចំនួន៣០០ដុល្លារ តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ សុំឲ្យត្រឹម៥០ដុល្លារ ហើយជនល្មើសក៏ព្រមទទួលយក ។ រហូតដល់ព្រឹកថ្ងៃទី៨ ខែ/ឆ្នាំដដែលទើបក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នាទៅការដ្ឋានជនរងគ្រោះដើម្បីយកលុយ តែពេលទៅដល់ជនរងគ្រោះមិនបានឲ្យលុយទៅជនសង្ស័យនោះទេ ពោលគឺបានប្តឹងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់ ។

លោកបានបញ្ជាក់ទៀតថា កន្លងមកសង្ស័យទាំង២នាក់ធ្លាប់ប្រព្រឹត្តបទល្មើសក្លែងបន្លំជានគរបាលជាតិ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះអស់ជាច្រើននាក់រួចមកហើយ សកម្មភាពនេះប្រព្រឹត្តនៅរាជធានីភ្នំពេញ ,ខេត្តកំពង់ស្ពឺ ,ខេត្តព្រះសីហនុ និងស្រុកអង្គស្នួល ខេត្តកណ្តាល ។ សកម្មភាពនៅស្រុកអង្គស្នួលធ្វើបានសម្រេចមួយដង ជំរិតទារលុយពីអ្នកកត់កន្ទុយលេខនៅផ្សារថ្នល់ទទឹងបានចំនួន៥ដុល្លារ លើកទី២នេះក៏ត្រូវសមត្ថកិច្ចយើងចាប់ខ្លួនតែម្តង៕

https://youtu.be/CTB5_xckdR0

មតិយោបល់