ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ជំនោ ប្រកាសធ្វើយុទ្ធនាការជួយល្ខោនខោល

ភ្នំពេញ: ជាមួយនឹងការអំពាវនាវឲ្យមានការជួយសង្គ្រោះដល់ល្ខោនខោល ដែលត្រូវមហាជន និងយុវវ័យភាគច្រើនបំភ្លេច លោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងល្បីឈ្មោះ បានអះអាងថា លោកនឹងធ្វើយុទ្ធនាការជួយដល់ល្ខោនខោលក្នុងទ្រង់ទ្រាយធំ។ ក្រៅពីគ្រោងផលិតស្ពត ផលិតបទចម្រៀងផ្សព្វផ្សាយ លោកក៏នឹងសហការជាមួយតារាសិល្ប: ដើម្បីគៀរគរតារាសិល្ប:ចូលរួមក្នុងយុទ្ធនាការលើកស្ទួយដល់ល្ខោនខោលឲ្យបានខ្លាំងក្លាផងដែរ។

លោក បានថ្លែងប្រាប់ Postnews ដោយផ្ទាល់ថា ក្នុងប៉ុន្មានថ្ងៃនេះ លោក និងក្រុមសាស្រ្តាចារ្យ ផ្នែកល្ខោនខោល និងអ្នកស្រឡាញ់ល្ខោនខោល បានពិភាក្សាគ្នាយ៉ាងខ្លាំង ដើម្បីចេញធ្វើយុទ្ធនាការផ្សព្វផ្សាយនូវប្រភេទសិល្ប:មួយនេះ ដើម្បីគៀរគរជំនួយទ្រទ្រង់ដល់សិល្បករល្ខោនខោលទាំងមូល។ លោកថា ស្ពត ដែលលោកផលិត នឹងត្រូវបានបង្ហោះលើនៅផេករបស់ល្ខោនខោល ហើយបទចម្រៀងដែលបង្ហាញពីការលើកស្ទួយល្ខោនខោល ក៏នឹងត្រូវបានផលិត ដើម្បីបង្ហោះជាសាធារណ: និងផ្សព្វផ្សាយក្នុងពេលដ៏ខ្លី។ យុទ្ធនាការផលិតស្ពត និងបទចម្រៀងស្ដីពីការជ្រោមជ្រែងដល់ល្ខោនខោលនេះ លោកថា ធ្វើឡើងដោយការស្ម័គ្រចិត្តទាំងស្រុង ដោយមិនមានទទួលបានផលចំណេញ ឬផលប្រយោជន៍ពីការប្រឹងប្រែងនេះទេ។ លោកថា អ្វីដែលលោកជ្រោមជ្រែង គឺចង់បំផុសឲ្យមានការចាប់អារម្មណ៍លោកល្ខោនខោលឡើងវិញ និងដើម្បីឲ្យសិល្ប:មួយនេះ មានអ្នកបន្តវេន និងមានអ្នកជួយថវិកាឲ្យអ្នកជំនាន់ក្រោយអាចបន្តអាជីព។

អ្នកនិពន្ធរូបនេះបន្តថា នៅថ្ងៃទី៧ ខែកក្កដាខាងមុខ ក្រុមសិល្ប:ល្ខោនខោល នឹងធ្វើពិធីក្រុងពាលីធំមួយនៅសាលាមធ្យមវិចិត្រសិល្ប: នៅម្ដុំភ្នំពេញថ្មី បឹងប៉ាយ៉ាប និងនៅថ្ងៃទី១១ ក្នុងខែដដែល នឹងមានកម្មវិធីជួបជុំអ្នកស្រឡាញ់ល្ខោនខោលទាំងអស់ នៅក្នុងទីតាំងដដែល ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការលើកស្ទួយសិល្ប:បុរាណនេះ ឲ្យបានទូលំទូលាយ។ លោកបន្ថែមទៀតថា ស្ពតដែលខ្លួនផលិត និងការគៀរគរតារាសិល្ប: ឲ្យមានវត្តមាននៅក្នុងវេទិកាជួយដល់ល្ខោនខោលនោះ នឹងទទួលបានជោគជ័យ បើទោះជាមុននេះបន្តិចក្រុមមួយផ្សេងទៀត បានធ្វើយុទ្ធនាការស្វែងរកថវិកាតាមរយ:ការលក់អាវ និងប្រគំតន្ត្រីនៅសាលាវិចិត្រសិល្ប:ម្ដុំសារមន្ទីរជាតិ បានធ្វើយុទ្ធនាការបែបនេះម្ដងហើយ ប៉ុន្តែឃើញមានការចូលរួមពីសំណាក់អ្នកមានបំណងផ្ដល់ជំនួយមិនច្រើនដូចការរំពឹងទុក។

លោក សុខ ជំនោ បញ្ជាក់ថា គម្រោងរបស់លោកមិនទាន់រំពឹងថា នឹងទទួលបានចំណូលខ្ពស់ពីការបរិច្ចាគនាថ្ងៃធ្វើពិធីនោះទេ ប៉ុន្តែអ្វីដែលរំបឹងខ្លាំង គឺស្ពតរបស់ខ្លួន និងបទចម្រៀងរបស់ខ្លួន នឹងធ្វើឲ្យល្ខោនខោលត្រូវបានមហាជនចាប់អារម្មណ៍គាំទ្រខ្លាំងក្លា៕

មតិយោបល់