មិនតិចជាង១០ឆ្នាំនោះទេ ដែលតារាសម្ដែងលោក សឿន វីតា បានតស៊ូនៅក្នុងពិភពសិល្បៈ ខណៈដែលលោកបានសារភាពថារយៈពេលប្រមាណជាច្រើនឆ្នាំមុន គឺដើរសុំគេថតផង សុខចិត្តថតមិនទទួលបានតម្លៃសមរម្យផង នៅតែគ្មានរឿងបានសម្ដែងទៀត។ លោកទើបតែស្គាល់ឱកាសឡើងកូដប្រមាណជា២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះដោយក្នុងមួយខែហោចណាស់ក៏ទទួលបាន៣ទៅ៤រឿងដែរ ខណៈដែលការសម្ដែងមួយរឿងៗទទួលបានតម្លៃខ្លួនខ្ពស់ ធ្វើអោយលោកមានប្រាក់ចំណូលមិនធម្មតា។
លោក សឿន វីតា បានអះអាងក្នុងពិធីក្រុងពាលីចេញថតរឿង«ធនញ្ជ័យ»របស់ផលិតកម្ម B&S Good Day Video កាលពីព្រឹកថ្ងៃទី១២ កញ្ញា ដែលជារឿងភាគរបស់ប៉ុស្ដិ៍លេខ៥ថា បើនិយាយពី២ឆ្នាំមុនមនុស្សតិចណាស់ដែលបានស្គាល់ថាលោកគឺជាតារាសម្ដែងបែបណា ក្នុងពេលដែលលោកក៏ទទួលបានឱកាសចេញសម្ដែងនោះមិនសូវបានច្រើនទៅទៀត។ លោកមានបំណងចង់ផ្អាកសិល្បៈច្រើនលើកមកហើយ ដោយសារតែការតស៊ូប្រមាណជា១០ឆ្នាំមកហើយ តែនៅតែខ្វះរឿងសម្ដែង ដែលមិនខុសពីអត់ឆ្នាំងបាយ ឬទីផ្សារ។
យ៉ាងណាមិញ លោកកត់សម្គាល់ថារយៈពេល២ឆ្នាំចុងក្រោយ គឺក្រោយពីលោករៀបការជាមួយម្ចាស់សម្អាងការម្នាក់ហើយមានកូនប្រុសមួយជាចំណងដៃ។ លោកចាត់ទុកថាខ្លួនមានយីអ៊ុន២ឆ្នាំចុងក្រោយដោយក្នុងមួយខែៗគឺសឹងនឹងការកម្លាំងទទួលសម្ដែងមិនបានតែម្ដង។ ជាក់ស្ដែងគ្រាន់តែពាក់កណ្ដាលឆ្នាំ២០១៧នេះ មានរឿងភាគរហូតដល់៨រឿងទាក់ទងអោយលោកសម្ដែងដោយលោកទទួលបានតែ៤រឿងប៉ុណ្ណោះ ដោយសារតែគ្មានថ្ងៃអោយផលិតករ។
លោកថាតំណែងដែលលោកបានសម្ដែងគឺភាគច្រើនជាតួអង្គឪពុក ឬជាតួអង្គកាចទើបលោករមែងតែទុកពុកមាត់ដើម្បីតម្រូវសាច់រឿង។ លោកមិនមានអារម្មណ៍សោកស្ដាយនោះទេ ដែលលោកប្រឡូកសិល្បៈតាំងពីក្មេង តែនៅក្នុងពេលនោះមិនមានកេរ្តិ៍ឈ្មោះបោះសំលេង ដោយទើបមកមានការទទួលស្គាល់ក្នុងពេលដែលវ័យរបស់លោកក៏សម្ដែងជាតួអង្គរូបសង្ហារ ឬជាតួក្មេងអត់បាន។
យ៉ាងណាមិញ លោកថាមិនដែលប្រថ្នាចង់សម្ដែងជាតួឯកនោះទេ ដោយសារតែលោកយល់ថាអោយតែបានសម្ដែងនៅក្នុងភាពយន្តមួយគឺលោកអស់ចិត្តហើយ សំខាន់កុំអោយតែអត់ទីផ្សារ។ ប៉ុន្តែជាបទពិសោធន៍ការសម្ដែងរបស់លោកចុងក្រោយគឺមិនដែលត្រូវបានផលិតករអោយសម្ដែងជាតួកំប៉ិកកំប៉ុកដូចមុនទៀតទេ គឺរមែងអោយសម្ដែងជាតួអង្គសំខាន់តាំងពីដើមរឿងដល់ចប់រឿងជាប្រចាំ។ ក្នុងនោះតម្លៃខ្លួនមួយរឿងៗក៏បានដល់ច្រើនពាន់ដុល្លារធ្វើអោយលោកបានស្គាល់ប្រាក់ពាន់ពីការថតកុនផងដែរ។
ជាក់ស្ដែងក្នុងរឿង«ធនញ្ជ័យ»ដែលលោកទើបទទួលបាននេះ គឺលោកត្រូវសម្ដែងជាតួអង្គឪពុករបស់ធនញ្ជ័យ ដោយចេញតាំងពីដើមរឿងរហូតដល់ចប់ ដែលអាចអោយលោកស្គាល់ភាពលេចធ្លោរនៅក្នុងពិភពសម្ដែងផងដែរ។
លោកថាការងារសិល្បៈបើបានឡើងកូដតាំងពីយូរយារមក ប្រហែលជាធ្វើអោយលោកមានបានយូរមកហើយ ប៉ុន្តែលោកមិនតូចចិត្តដែរដែលប្រឹងតស៊ូរហូតដល់ជាង១០ឆ្នាំ ទើបតែមានទីផ្សារក្នុងអំឡុង២ឆ្នាំចុងក្រោយ៕
https://youtu.be/P57qiOQroCM
មតិយោបល់