មកទល់ពេលនេះលោកកុយ សិទ្ធស័ក្ត ជាអតីតគូស្នេហ៍របស់តារាចម្រៀងវ៉ានីឡា នៅមិនទាន់ចូលខ្លួនតាមការស្នើសុំរបស់តុលាការនៅឡើយទេ បើទោះព្រះរាជអាជ្ញារងកោះហៅ២ដងរួចមកហើយ។ ការគេចវេសនេះត្រូវបានព្រលយថាលោកកុយ សិទ្ធិស័ក្ត នឹងប្រឈមចាប់ខ្លួន និងឃុំខ្លួនផ្អែកតាមនិតិវិធីតុលាការ និងការស្នើសុំរបស់គ្រួសាររងគ្រោះ បើការកោះហៅលើកចុងក្រោយនៅរសៀលនេះនៅតែមិនអើពើ។
លោកសុខ ជំនោ បងប្រុសកញ្ញាវ៉ានីឡា បានអះអាងថាលោកកុយ សិទ្ធស័ក្ដ ដែលជាប់ចោទបង្ហោះរូបអាក្រាតរបស់ប្អូនស្រីលោក នៅតែមិនអើពើចូលខ្លួនដោះស្រាយនោះទេ ដោយក្រៅពីមិនចូលខ្លួនបំភ្លឺទាំងបណ្ដឹងនៅក្រសួងមហាផ្ទៃ និងទាំងនៅតុលាការនាពេលចុងក្រោយ។ លោកថានៅរសៀលថ្ងៃទី១២ ធ្នូ ម៉ោង២កន្លះនេះ ព្រះរាជអាជ្ញារងនឹងតម្រូវឲ្យលោកកុយ សិទ្ធស័ក្តចូលខ្លួនមកបំភ្លឺជាលើកចុងក្រោយ ហើយបើជនត្រូវចោទរូបនេះនៅតែមិនអើពើនោះចំណាត់ការតុលាការនឹងឈានដល់ការចាប់ខ្លួន និងឃុំខ្លួន ដោយក្នុងពេលនោះលោកថាគ្រួសាររបស់លោកក៏មានសិទ្ធិដាក់សំណើរឲ្យចាប់ខ្លួនផងដែរ។ ក្នុងរយៈពេលប្រមាណ៥ខែ ដែលប្អូនស្រីរបស់លោកទទួលរងនូវអយុត្តិធម៌ លោកថាលោកកុយ សិទ្ធិស័ក្ត មិនបានបញ្ជូនមេធាវីឲ្យមកដោះស្រាយជំនួសសូម្បីតែម្ដង ដោយធ្លាប់តែបញ្ចូលលិខិតទៅកាន់តុលាការសុំពន្យារពេលចូលបំភ្លឺតែម្ដងគត់។ លោកថាចំណាត់ការចាប់ខ្លួននឹងត្រូវធ្វើឡើង បើលោក កុយ សិទ្ធស័ក្ត មិនព្រមចូលខ្លួនតបតាមដីការកោះហៅចុងក្រោយនៅរសៀលថ្ងៃនេះ ហើយលោករំពឹងថាលោកកុយ សិទ្ធស័ក្ត នឹងមិនអាចគេចវេសចំពោះបណ្ដឹងរបស់ប្អូនស្រីលោកបានទេ ដោយសារតែមានការជ្រោមជ្រែងពីក្រុមអ្នកច្បាប់។
ងាកទៅកាន់កញ្ញាវ៉ានីឡាឯណោះវិញ នាងបានបង្ហោះវីដេអូឃ្លីបខ្លីមួយកាលពីយប់ថ្ងៃ១១ធ្នូ ទទូចឲ្យប្រព័ន្ធច្បាប់បន្តនិតិវិធីជួយស្វែងរកយុត្តិធម៌ដល់នាង។ នាងថាខ្លួនសង្ឃឹមដីការកោះហៅលើកចុងក្រោយរបស់តុលាការលើកនេះ នឹងជួយឲ្យនាងមើលឃើញពីពន្លឺយុត្តិធម៌ ដែលអាចមានន័យថាទោះជាលោកកុយ សិទ្ធស័ក្ត មិនចូលខ្លួនដូចមុនក៏ពិតជាមិនអសារបង់។ នាងមានជំនឿចិត្តយ៉ាងខ្លាំងថារឿងរបស់នាងនឹងមានយុត្តិធម៌ក្រោយលទ្ធផលថ្ងៃ១២ ធ្នូនេះ បន្ទាប់ពីរឿងរបស់នាងត្រូវបានមជ្ឈដ្ឋានមហាជន ជាពិសេសគឺតារាសិល្បៈជ្រោមជ្រែងយ៉ាងពេញទំហឹងតំាំងពីដើមទីមកទល់ពេលនេះ។
ខាងក្រោមនេះជាវីដេអូឃ្លីបរបស់វ៉ានីឡា ពាក់ព័ន្ធនឹងបណ្ដឹងរបស់នាង និងការទទូចសុំយុត្តិធម៌៖
https://www.youtube.com/watch?v=mMi1cMFU3YI&feature=youtu.be
មតិយោបល់