ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា ដល់នាទីដង្ហោយរកយុត្តិធម៌

នៅលើហ្វេសប៊ុករបស់តារាចម្រៀងវ៉ានីឡា កាលពីល្ងាចថ្ងៃទី១២ ធ្នូ ត្រូវគេឃើញប្ដូរប្រូហ្វាល់រូបថតភ្លាមៗ ដោយដាក់រូបថតសំពះអមដោយសារអំពាវនាវដង្ហើយរកយុត្តិធម៌ បន្ទាប់ពីអតីតសង្សាររបស់នាងនៅតែមិនខ្វល់នឹងការចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការលើកចុងក្រោយ។ នាងថាវាល្មមនឹងដល់ពេលហើយដែលខាងតុលាការ និងមន្ត្រីអាជ្ញាធរជួយចាត់វិធានការ និងពន្លឿនផ្លូវច្បាប់យ៉ាងណា ដើម្បីឲ្យជនដែលបានរំលោភសិទ្ធិនាង និងប្រើអំពើហឹង្សាលើនាងចូលខ្លួនដោះស្រាយ។

វ៉ានីឡា និយាយថានាងកាន់តែស្រេកឃ្លានចង់បានដំណោះស្រាយខ្លាំងឡើង នៅពេលបណ្ដឹងដែលនាងបានមិនមានលទ្ធផល ហើយចេះតែបន្តពន្យារពេលម្ដងជាពីរដង ក្នុងពេលលោកកុយ សិទ្ធិស័ក្តជាជនត្រូវចោទលើករណីបង្ហោះរូបថតអាក្រាតរបស់នាង និងគំរាមកំហែងនាងមិនខ្វល់អើពើ។ នាងទទូចឲ្យខាងតុលាការជួយពន្លឿនចំណាត់ការលើបញ្ហានេះ និងថាខ្លួនមិនអាចទទួលយកបាននោះទេ ក្នុងពេលបណ្ដឹងរបស់នាងអូសបន្លាយមិនក្រោម៥ខែទៅហើយ បែរជាមិនអាចធ្វើអ្វីលោកកុយ សិទ្ធិស័ក្តបាន។ បន្ថែមពីលើការបញ្ជាក់ដោយផ្ទាល់មាត់ នាងបានសរសេរថា«ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ! នេះជាសំដីរបស់កូនអ្នកមានអំណាច អាងបុណ្យសក្តិឪ មិនត្រឹមតែនិយាយចឹងទេ ថែមទាំងនិយាយ ថា ” អញមានសិទ្ធវៃគេ តែគ្មានអាណាមានសិទ្ធវៃអញទេ ” អាងឋានះបែបនះបានជាទង្វើធ្វើមកមើលស្រាលច្បាប់ និងសមត្តកិច្ច មិនដែលចូលខ្លួនតាំងពីនៅត្រឹមខណ្ខ័ ក្រសួងមហាផ្ទៃ រហូតដល់តុលាការ .. ខ្ញុំសូមអំពាវនាវឲ្យតុលាការជួយនាងខ្ញុំក្នុងនាមខ្ញុំជាជនរងគ្រោះ ឲ្យទទួលបានភាពយុត្តិធម៌ ទោះបីជានាងខ្ញុំក្រតូចទាប គ្មានទ្រព្យសម្បិត្ត និយាយតាមត្រង់រាល់ថ្ងៃនេះមានបងប្អូនមហាជននិយាយប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថានឹងមានភាពយុត្តិធម៌ សំរាប់ជនសាមញ្ញ គឺអ្នកមានអំណាច ខុសត្រូវអីគឺគេត្រូវតែឈ្នះ ខ្ញុំពិតជាខ្លាចត្រង់ចំនុចនេះ»។

លោកសុខ ជំនោរ បានត្រឹមតែអះអាងថានឹងដាក់សំណើរតាមរយៈមេធាវីស្នើឲ្យតុលាការបន្តនិតិវិធីចាប់ខ្លួនលោកកុយ សិទ្ធិស័ក្ដ ក្រោយពីគេមិនចូលខ្លួនទៅបំភ្លឺកាលពីល្ងាចថ្ងៃទី១២ ធ្នូ ជាថ្មីម្ដងទៀត ប៉ុន្តែលោកហាក់មិនទាន់ប្រាកដថាអ្វីៗនឹងអាចវិវត្តន៍តាមការចង់បានឬយ៉ាងណានៅឡើយទេ៕

មតិយោបល់