ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះកាយ ច័ន្ទ បានតួឯកទៀតហើយក្នុងរឿង«ទណ្ឌកម្មស្នេហ៍»

ទើបតែបានបញ្ចប់ការសម្ដែងក្នុងរឿង«អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន»របស់ផលិតករថៃសោះ តារាសម្ដែងវ័យក្មេងនាង ព្រះកាយ ច័ន្ទ ស្រាប់តែបានតួឯកទៀតហើយក្នុងរឿង«ទណ្ឌកម្មស្នេហ៍»យ៉ាងកាលីប ក្រោមការដឹកនាំរបស់ផលិតករថៃដដែលប្រចាំនៅប៉ុស្ដិ៍លេខ៥។ ភាពយន្តនេះ ត្រូវគេឃើញក្រុងពាលីយ៉ាងអធឹកអាធ័មកាលពីព្រឹកថ្ងៃទី១៤ សីហា នៅសណ្ឋាគារសូហ្វីតែល។

កញ្ញាព្រះកាយ ច័ន្ទ បានអះអាងថានេះជាភាពយន្តភាគថ្មីមួយទៀតហើយដែលខាងប៉ុស្ដិ៍លេខ៥បោះទុនចេញថត ក្រោមការដឹកនាំផលិតរបស់ក្រុមការងាររបស់ថៃ។ នៅក្នុងរឿងនេះនាងនឹងត្រូវសម្ដែងខុសចរឹកពីក្នុងរឿងមុន ដោយត្រូវបង្ហូរទឹកភ្នែក ហើយក៏មានចរឹកប្រែប្រួលក្នុងរឿងផងដែរ ដែលនាងចាត់ទុកថានេះជារឿងដែលនាងពេញចិត្តក្នុងការសម្ដែងដោយគ្រាន់តែបានអានប៉ារ៉ូលចប់។ កញ្ញាថាមកទល់ពេលនេះមិនសូវបានទទួលថតភាពយន្តច្រើនទេ ដោយសាររវល់ច្រៀង និងបង្កើតក្បាច់រាំដែលនាងយល់ថាជាការងារជួយអោយនាងកាន់តែមានទីផ្សារស្ទុះឡើង។

នាងនៅតែទទួលតែរឿងមួយៗដូចជារឿងភាគរបស់ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ ទើបម្នាក់ៗមានការកោតសរសើរនៅពេលដែលក្រុមផលិតរបស់ប៉ុស្ដិ៍លេខ៥គឺមានរាប់មិនអស់ ដោយក្រុមខាងផលិតករថៃជាក្រុមកាលីបមានតែមួយ តែនាងបានតំណែងជាតួឯកផ្ទួនៗដែលអាចនិយាយបានអស់ពីរឿងមួយចូលរឿងមួយ។

នៅក្នុងភាពយន្តថ្មីនោះ គេឃើញមានការចូលរួមសម្ដែងដោយតារាល្បីៗគួរអោយចាប់អារម្មណ៍ដោយសូម្បីតែតួរាយរងក៏ចម្រុះសុទ្ធតែជាតួខ្លាំងៗ និងមានទីផ្សារខ្ពស់នោះផងដែរ។ តួសំខាន់ៗទាំងនោះរួមមាន លោក សូ ឆានី លោកម៉ឺន ឯកសុភារិទ្ធ កញ្ញាទឹម រដ្ឋា លោកហេង ដារី អ្នកនាងតូច ស្រីពេជ្រ អ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅរ៉ូស លោកនាង វ៉ាងសាន់ លោកភូ ច័ន្ទតារា លោកប្រាក់ សារួន កញ្ញានៅ ដាណា និង លោកយូឌីស្កូ ជាដើម។

ភាពយន្តនេះត្រូវបានប្រកាសថាចំណាយពេលថតប្រមាណ៣ខែ ដោយគ្រោងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅអំឡុងចុងឆ្នាំខាងមុខ។ នេះជាភាពយន្តមួយដែលត្រូវខាងប៉ុស្ដិ៍លេខ៥បានតម្រូវអោយផលិតករថៃចំណាយទុនខ្ពស់ដើម្បីអោយរឿងមួយនេះមានគុណភាពគ្រប់គ្រាន់ក្នុងពេលដាក់បញ្ចាំងនោះផង។

លោកហួង តារាមុន្នី ប្រធានកម្មវិធីកម្សាន្តរបស់ប៉ុស្ដិ៍លេខ៥បានអះអាងថា ព្រះកាយ ច័ន្ទ ជាតារាដែលមានសមត្ថភាព និងមានមុខមាត់ត្រូវតាមក្ដីស្រម៉ៃរបស់ផលិតករថៃ ទើបនាងទទួលបានឱកាសសម្ដែងក្នុងរឿង«ទណ្ឌកម្មស្នេហ៍» បន្ទាប់ពីបានទទួលជោគជ័យក្នុងរឿង«អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន» ដែលជារឿងដឹកនាំរបស់ផលិតករថៃដូចគ្នា៕

មតិយោបល់