នាងនាគ រឺ ព្រះនាងធារាវត្តី ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាងគឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះពើបប្រទះជាមួយព្រះថោងនៅលើកោះគោកធ្លក។ ព្រះនាមពេញសំរាប់រាជ្យ សម្ដេចព្រះវគវត្ដី ក្សត្រីគាប់លក្ខណ៍ ឯកអគ្គទេវី។
ប្រវត្តិខ្លះៗ
ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កម្លាំង ព្រះអង្គ ចូលទៅសម្រាកក្រោមដើមធ្លក ដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់មកវាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។
គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្ដី បុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។
ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។
ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតឲ្យកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទ វាំងតូចធំទុកថ្វាយជាច្រើន។
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ២៦៧ មុនគ.ស។ កាលនោះព្រះថោងបានព្រះជន្ម ៤៦វស្សា។
ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជា ព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន”។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគវត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។
សង្គ្រាមនឹងចាមនៅក្នុងរាជ្យរបស់ព្រះនាង និងស្វាមី បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអស្សាជ័យរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសាក់។
ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសម្រុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជម្នះវិញ។
ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ “នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យសង្រ្គាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើឲ្យបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួសយ៉ាងទម្ងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចម្បាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបម្រើព្រះថោងរៀងរហូតតទៅ។
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះសុរិយាវរមិន្ទឲ្យគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ង់កោ ព្រះសុរិយោទេវេស ឲ្យទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ ឲ្យទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយាវរមិន្ទ ឲ្យទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ ឲ្យទៅត្រួតត្រាស្រុកស្ទោង។
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រលាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរីមកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ៕
ខាងក្រោមនេះដែរ ជាវីដេអូថៃសម្តែងព្រះថោងនាងនាគ ដែលអ្នកលេងហ្វេសប៊ុកប្រតិកម្ម៖
https://www.youtube.com/watch?v=I7Ubho9ZU9I&feature=youtu.be
មតិយោបល់