ព័ត៌មានបច្ចេកវិទ្យា

iPhone ស៊េរីបន្ទាប់ អាចនឹងប្រើស៊ីមកាត ២ យ៉ាងពិតប្រាកដ

យោងតាមទិន្នន័យមូលដ្ឋានរបស់ការិយាល័យស្លាកសញ្ញាពាណិជ្ជកម្ម និងប៉ាតង់សហរដ្ឋអាមេរិក ឬហៅកាត់ថា USPTO ក្រុមហ៊ុន Apple បានដាក់បញ្ចូលប៉ាតង់ដើម្បីសុំកម្មសិទ្ធិបញ្ញាលើបច្ចេកវិជ្ជាស៊ីមកាតពីរ ប្រើអង់តែនដាច់ដោយឡែកពីគ្នា។

តាមរយៈព័ត៌មានភ្ជាប់ជាមួយប៉ាតង់បានឱ្យដឹងទៀតថា បច្ចេកវិជ្ជាស៊ីមកាតរបស់ក្រុមហ៊ុន Apple នោះ បានបង្ហាញពីមុខងារស៊ីមកាតពីរ និងរបៀបកំណត់មុខងារអតិភាពរវាងស៊ីមកាតទាំងនោះ ហើយអ្នកប្រើប្រាស់អាចកំណត់ឱ្យស៊ីមកាតមួយសម្រាប់ទទួលការហៅទូរស័ព្ទចូល ខណៈមួយទៀតទុកសម្រាប់ភ្ជាប់ទិន្នន័យអ៊ីនធើណែត។

គួររំឭកផងដែរថា កន្លងមកក៏មានដែរព័ត៌មានចចាមអារ៉ាមដែលថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់អាមេរិកមួយនេះ នឹងផលិតចេញ iPhone ដែលអាចប្រើស៊ីមកាតពីរបាន។ តែក្រោយមក ព័ត៌មាននេះត្រូវបានទាត់ចោល និងលែងមានអ្នកនឹកនា។

រហូតក្រោយពីមានការបែកធ្លាយនូវប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple នាពេលនេះ ដែលវាបានប្រគល់ឱ្យការិយាល័យ USPTO រួចទៅហើយនោះ គេហ៊ានសន្និដ្ឋានបានថា ផលិតផល iPhone ជំនាន់បន្ទាប់នឹងមានជម្រើសម៉ូដែលប្រើស៊ីមកាតពីរ ដែលនេះ អាចជាគោលដៅយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញអ្នកប្រើប្រាស់ក្នុងប្រទេសចិន ក៏ដូចជាក្នុងប្រទេសកម្ពុជា៕

ប្រភពព័ត៌មាន៖ uspto

មតិយោបល់