ព័ត៌មានសិល្បៈ និងកម្សាន្ត

៤ថ្ងៃ រឿង«កំពូលល្ងង់នៅអាស៊ី»កើបលុយ ចង់ស្មើដើម

មកទល់ពេលនេះខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» ដាក់បញ្ចំងបាន៤ថ្ងៃហើយ បន្ទាប់ពីបានប្រកាសដាក់បញ្ចាំងជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ធ្នូ។ ប្រភពពីអ្នកគ្រប់គ្រងរោងកុននៅភ្នំពេញ និងសៀមរាបបានអះអាងថា ឆ្លងផុតរយៈពេល៤ថ្ងៃ ភាពយន្តបើកឆាករបស់អតីតអ្នកធ្វើពលករ នៅក្នុងប្រទេសកូរ៉េរូបនេះ ទទួលបាន៨ម៉ឺនដុល្លារ ដោយមិននឹកស្មានដល់។

លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានទទួលស្គាល់ថាការអះអាងរឿងខ្សែរឿង របស់លោកកើបលុយបាន៨ម៉ឺនដុល្លារ ត្រឹមរយៈពេល៤ថ្ងៃ គឺជាការពិត។ លោកថានេះជាលទ្ធផល ដែលលោកក៍មិនចង់ជឿត្រចៀក ក្នុងពេលដែលរឿង «កំពូលល្ងង់នៅអាស៊ី»លោកថា គ្រាន់តែបានផលិតឡើង ស្ទាបស្ទង់ទីផ្សារភាពយន្ត។ ធៀបនឹងរឿងដំបូងៗដូចគ្នារបស់ផលិតកម្មថ្មីៗ លោកខ្សែរឿងរបស់ខ្លួន បើទោះជាការទទួលបានទឹកប្រាក់៨ម៉ឺនក្នុងរយៈពេល៤ថ្ងៃ លោកថានៅចែកគ្នាទៀតគឺមិនទាន់រួចដើម។ លោកនិយាយថា«មុនបញ្ចំងខ្ញុំអត់ដែលនឹកថារឿងហ្នឹង ៤ថ្ងៃរកបានប៉ុណ្ណឹង សូម្បីតែខាងរោងកុនក៏ភ្ញាក់ផ្អើលដែរ ចឹងហើយទើបខ្ញុំអរផង រន្ធត់ចិត្តផងនៅពេលរឿងហ្នឹងបាន៨ម៉ឺនត្រឹម៤ថ្ងៃ!» ។ តាំងពីការដាក់បញ្ចាំង លោកថាខ្សែរឿងមួយនេះ ទទួលបានចំណូល២ម៉ឺនស្មើដៃរាល់ថ្ងៃ តែលោកមិនទាន់ដឹងថាសន្ទុះដែលបានឡើង នឹងបន្តកើតមានច្រើនថ្ងៃទៀត ឬប្រែប្រួលនោះទេ ទើបលោកនៅតែបុកពោះនៅឡើយ។ លោកថាខ្សែរឿងរបស់លោកមានអ្នកទស្សនាកកកុញនៅផ្សារអ៊ីអន ផ្សារទំនើបទួលគោក និងនៅរោងកុនក្នុងផ្សារទំនើបស្ទឹងមានជ័យ។ ប៉ុន្តែសម្រាប់រោងទំនើបនៅខេត្តសៀមរាបលោកថា មិនមានអ្នកទស្សនាពេញៗ រោងនោះទេ ក្នុងពេលដាក់បញ្ចំងម្ដងៗ។ លោកថាខ្លួនចង់ស្រក់ទឹកភ្នែក នៅពេលមើលឃើញអ្នកទស្សនាដណ្ដើមគ្នាទិញសំបុត្រមើលរឿង «កំពូលល្ងង់នៅអាស៊ី» និងទទួលដំណឹងថាមួយស្នាដៃរបស់លោកស្រូបបានមួយថ្ងៃ២ម៉ឺន។ រឿងមួយនេះ លោកចំណាយអស់ជាង៦ម៉ឺនដុល្លារ តែលោកហាក់មានពន្លឺថាមិនខាតនោះទេ បន្ទាប់ពីការដាក់បញ្ចំង៤ថ្ងៃ គឺលោកទទួលបានចំណែករបស់លោកក្រោយចែកជាមួយរោងបាន៤ម៉ឺនដុល្លារហើយ។ លោកប្រកាសអរគុណ និងលើកម្រាមដៃដប់តបស្នងដល់អ្នកគាំទ្រ ដ៏ច្រើនលើសលប់ដែលទិញសំបុត្រទស្សនារឿងរបស់លោក។ បន្ថែមពីលើនោះលោកក៏ទទូចឲ្យយុវវ័យដែលចូលចិត្តភាពយន្តតាមរោងកុន ហើយមិនបានទស្សនាខ្សែរឿងរបស់លោកនៅឡើយ ជួយគាំទ្រដល់ស្នាដៃរបស់លោកផង ដើម្បីឲ្យលោកនឹងមានកម្លំាងចិត្តធ្វើឲ្យកាន់តែល្អ។

លោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ បានអះអាងថាលោកនឹងបន្តយករឿង«កំពូលល្ងង់នៅអាស៊ី»ទៅបញ្ចាំងតាមខេត្តដូចជាបាត់ដំបង និងកំពង់ចាមជាដើម បន្ទាប់ពីអ្នកគាំទ្រភាគច្រើនបានទទូចឲ្យលោកយករឿងទៅកាន់ខេត្តទំាំងនោះ ដោយសារតែមិនអាចមកទស្សនានៅភ្នំពេញ និងសៀមរាបបាន។ យ៉ាងណាមិញលោកហាក់សង្ឃឹមជាបឋមត្រឹមថាមិនខាតដើមប៉ុណ្ណោះ ដោយមិនហ៊ានសំដៅដល់ការចំណេញច្រើនម៉ឺនដុល្លារនោះទេ ៕

មតិយោបល់